អាមេរិក និង ប្រទេសណាតូ ថា អ៊ីរ៉ង់រៀបផែនការធ្វើឃាតនិងចាប់ពង្រត់ ក្នុងទ្វីប ចំនួន២

បរទេស ៖ សហរដ្ឋអាមេរិក និង បណ្តាប្រទេស អង្គការយោធាអន្តរជាតិ ណាតូ បានទម្លាយឲ្យដឹងថា អ៊ីរ៉ង់កំពុងរៀបផែន ការធ្វើឃាត និង ចាប់ពង្រត់ ព្រមទាំង បៀតបៀនលើប្រជាជនទ្រង់ទ្រាយដ៏ធំ នៅទូទាំងទ្វីប អឺរ៉ុប និង អាមេរិកខាងជើង នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ABC News នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។

សេចក្តីថ្លែងការណ៍រួម ដែលត្រូវទើបត្រូវបានចុះហត្ថលេខា ដោយ ១៤ប្រទេស កាលពីថ្ងៃទី៣១ ខែកក្កដា បានរៀបរាប់ថា នេះគឺជាការរំលោភយ៉ាងច្បាស់ លើអធិបតេយ្យភាព របស់ប្រទេសជាច្រើន ហើយ បណ្តារដ្ឋាភិបាលនានា ប្តេជ្ញាថា នឹងធ្វើការរួមគ្នា ដើម្បីលុបបំបាត់ផែនការនេះ ខណៈពេលដែលអំពាវនាវឱ្យអ៊ីរ៉ង់ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពខុសច្បាប់ បែបនេះ នៅក្នុងទឹកដីប្រទេសទាំងនោះ រៀងៗខ្លួន។

ប្រភព បានអះអាងទៀតថា ផែនការទាំងនេះ មានការសហការយ៉ាងសកម្ម ជាមួយអង្គការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីកំណត់គោលដៅ វាយប្រហារ លើអ្នកកាសែត, អ្នកប្រឆាំងនឹងអ៊ីរ៉ង់ ព្រមទាំង មន្ត្រីរដ្ឋាភិបាល នៅក្នុងទ្វីបទាំងពីរនេះ ផងដែរ។

ប៉ុន្តែ សេចក្តីថ្លែងការណ៍ មិនបានកំណត់អត្តសញ្ញាណ នៃការវាយប្រហារណាមួយឡើយ បើទោះបីជាសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានព្រមាន អស់រយៈពេលជាច្រើនឆ្នាំ អំពីផែនការដែលឧបត្ថម្ភដោយអ៊ីរ៉ង់ នៅលើដីអឺរ៉ុប និង សហរដ្ឋអាមេរិក ក៏ដោយ។

មន្ត្រីចារកម្ម អង់គ្លេស បានព្រមាន ម្តងហើយម្តងទៀត អំពីសកម្មភាពគំរាមកំហែង ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ នៅក្នុងចក្រភព មួយនេះ។ ជាក់ស្តែង អ្នកស៊ើបការណ៍អ៊ីរ៉ង់ បីនាក់ ដែលត្រូវបានចោទប្រកាន់ បច្ចុប្បន្ន កំពុងប្រឈមមុខនឹងការចោទប្រកាន់ថា ពួកគេបានធ្វើការឃ្លាំមើល និងរៀបចំផែនការអំពើហិង្សាលើអ្នកកាសែត។ កាលពីដើមខែកក្កដា គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់សភាអង់គ្លេស បាននិយាយថា អ៊ីរ៉ង់ បង្កការគំរាមកំហែង យ៉ាងទូលំទូលាយ ជាប់លាប់ និងមិនអាចទាយទុកជាមុនបាន ចំពោះចក្រភពអង់គ្លេស។

កាលពីខែមុន រដ្ឋអាជ្ញារ ប្រទេស អាល្លឺម៉ង់ បានប្រកាសថា បុរសម្នាក់ជាប់សង្ស័យថា បានប្រមូលព័ត៌មានស្តីពី ទីតាំងរបស់ជនជាតិជ្វីហ្វ និងប្រជាជន នៅទីក្រុងប៊ែរឡាំង សម្រាប់ស៊ើបការណ៍សម្ងាត់ ឲ្យ អ៊ីរ៉ង់ ដែលអាចមានគោលបំណង វាយប្រហារ តែ ក្រោយមក ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសដាណឺម៉ាក៕

ប្រភពពី ABC News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner