កសិដ្ឋានចិញ្ចឹមជ្រូក ៥ទីតាំងនៅក្នុងស្រុកជុំគីរី ត្រូវបានមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យ និង ចាត់វិធានការច្បាប់ទប់ស្កាត់លើការបញ្ចេញទឹកកខ្វក់ប៉ះពាល់បរិស្ថាន

(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន តាមរយៈមន្រ្តីអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានរកឃើញមានទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួន ក្នុងស្រុកជុំគីរី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានក្លិន ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ។ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលស្រុកជុំគិរី ក្រុមប្រឹក្សាឃុំត្រពាំងរាំង ឃុំជំពូវន្ដ និងមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក ចំនួន៥ទីតាំង រួមមាន៖ ១)កសិដ្ឋានចិញ្ចឹមជ្រូក មួង ផារី ២)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី១) ៣)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី២) ៤)កសិដ្ឋានចិញ្ចឹមជ្រូក ជា សៅណា និង៥)កសិដ្ឋានចិញ្ចឹមជ្រូក ស៊ី.ភី.ខេមបូឌា ចំកាត់។ ក្រុមការងារបានរកឃើញ កសិដ្ឋានចញ្ចឹមជ្រូកទាំងនេះ មិនទាន់មានការគ្រប់គ្រងសំណល់រាវ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានបញ្ចេញទឹកកខ្វក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមិនបានរៀបចំ ប្រព័ន្ធគ្រប់គ្រងសំណល់រាវ និងការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវដូចជា៖

  • កសិដ្ឋានចិញ្ចឹមជ្រូក ត្រូវបញ្ឈប់ការលេចធ្លាយសំណល់រាវចូល តំបន់ទឹកសាធារណៈ វាលទំនាប និងដីស្រែ របស់ប្រជាពលរដ្ឋ ជាបន្តទៀត
  • កសិដា្ឋនចិញ្ជឹមជ្រូក ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញ ពីស្រះស្ដុកចូលអូរសាធារណៈ (អូរធ្លក) ជាបន្ទាន់
  • ត្រូវទទួលរងការពិន័យអន្ដរការណ៍ ករណីរកឃើញកសិដ្ឋានចិញ្ជឹមជ្រូលខាងលើ បានបញ្ចេញសំណល់រាវចូលអូរសាធារណៈ ដែលល្មើសនឹងមាត្រា១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
  • ត្រូវទទួលរងការពិន័យអន្ដការណ៍ករណីពុំមានរបាយការណ៍EIAដំបូង ដែលល្មើសនឹងមាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
  • ត្រូវរៀបចំរបាយការណ៍EIAដំបូង ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់
  • ត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងត្រូវជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវ ស្របតាមបរិមាណបញ្ចេញពីកសិដ្ឋាន និងសម្រាប់ស្ដុកសំណល់រាវចេញពីអាង Biogas ដើម្បីការពារករណីឧបទ្ទវហេតុកើតឡើង។

សូមបញ្ជាក់ថា នៅសប្ដាហ៍បន្ទាប់នេះ ក្រុមការងារនឹងបន្ដចុះត្រួតពិនិត្យទីតាំងកសិដ្ឋាន ចិញ្ចឹមជ្រូកផ្សេងទៀត ដែលមានមូលដ្ឋាន នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពង់ស្ពឺ ដែលកន្លងមក ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញធរមូលដ្ឋាន បានរាយការណ៍មកក្រសួងបរិស្ថាន លើករណីការបញ្ចេញសំណល់រាវ ទឹកកខ្វក់ មានក្លិនអាក្រក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រដ្ឋបាលមូលដ្ឋាន និងបណ្តាញសារព័ត៌មាន ចំពោះការជូនដំណឹងអំពីករណីប៉ះពាល់បរិស្ថាននៅតាមមូលដ្ឋាន រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដើម្បីរួមគ្នាកាន់តែប្រសើរ ក្នុងការអនុវត្តសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ការថែរក្សាសុខភាពប្រជាពលរដ្ឋនិងបរិស្ថានបានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាននឹងបន្តអនុវត្តវិធានច្បាប់ ចំពោះ រោងចក្រ សហគ្រាស ក្រុមហ៊ុនទាំងឡាយណា ដែលប្រព្រឹត្តល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនូវភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner