ឯកឧត្តមបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍​ពិសេស១០០% រយៈពេល១២ឆ្នាំ ដល់​កូនស្រី បង្កើត​លោកអនុសេនីយ៍ឯក ពោ វៃ ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

ភ្នំពេញ៖ ការពលីរបស់វីរៈយុទ្ធជនកម្ពុជា មិនមែនគ្មាន័យនោះទេ សង្គមជាតិ សប្បុរសជន ជនរួមជាតិជាច្រើន នឹងតបស្នងដល់អ្នកដែលពលីក្នុងសមរភូមិវិញជាមិនខាន។ ជាក់ស្តែង ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធីគ្រុប បានសម្រេចផ្តល់អាហារូបករណ៍ពិសេស១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥”។

ការផ្តល់ជូននេះគឺទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ហើយឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប ក៏បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% ជូនដល់ក្មួយស្រី វៃ ណារី ដើម្បីមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។

សូមលើកទឹកចិត្តក្មួយស្រី ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយស្រីផ្ទាល់ ជាពិសេសបំពេញបំណងប្រាថ្នារបស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយ ដែលកំពុងបីបាច់ថែរក្សាក្មួយសព្វថ្ងៃនេះ។ សូមក្មួយ កុំបារម្ភ បើទោះបី លោកឪពុកក្មួយបានពលីក៏ពិតមែន តែក្មួយនៅមាន ម្តាយ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងរហូតដល់រៀនចប់ចុងចប់ដើម ចាប់ពីថ្នាក់ចំណេះទូទៅ (K12) នេះ រហូតដល់ថ្នាក់ឧត្តមសិក្សា។

ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤-សៀវភៅពុម្ពសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។

សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពវីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner