មេទ័ពអ៊ីរ៉ង់ព្រមានថា ការគំរាមកំហែងរបស់អ៊ីស្រាអែលនៅតែអាចកើតមាន

តេហេរ៉ង់ ៖ លោកអគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ Amir Hatami បានក្រើនរំលឹកពីការគំរាមកំហែងរបស់អ៊ីស្រាអែលលើប្រទេសខ្លួនថា នៅតែអាចកើតមាន បើទោះបីជាជម្លោះរវាងប្រទេសទាំងពីរហាក់ស្ងប់ស្ងាត់យ៉ាងណាក្ដី នេះបើតាមទីភ្នាក់ងារព័ត៌មាន IRNA ចុះផ្សាយនៅថ្ងៃទី៣ ខែសីហា។

ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តីមេទ័ពអ៊ីរ៉ង់រូបនេះចុះផ្សាយថា ការគំរាមកំហែង១ភាគរយ ត្រូវតែចាត់ទុកថា ជាការគំរាមកំហែងស្មើនឹង១០០ភាគរយ… យើងមិនគួរមើលស្រាលសត្រូវ និងចាត់ទុកការគំរាមកំហែងរបស់ពួកគេថាបានបញ្ចប់នោះទេ។

លោកអគ្គមេបញ្ជាការ Hatami មានវ័យ៥៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា មីស៊ីលនិងយន្តហោះដ្រូនពិឃាតរបស់ប្រទេសអ៊ីរ៉ង់ នៅតែបញ្ឈរត្រៀមសម្រាប់ប្រតិបត្តិការ និងឆ្លើយតបជានិច្ចទៅលើអ៊ីស្រាអែល។

ការព្រមានធ្ងន់ៗរបស់លោក Hatami កើតឡើងក្រោយលោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz កាលពីខែមុន បានគំរាមវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី បើសិនជាប្រទេសអ៊ីរ៉ង់បង្កការគំរាមកំហែង ឬក៏ធ្វើបាបលើប្រទេសអ៊ីស្រាអែល។

សូមរម្លឹកថា កាលពីខែមិថុនា ទាំងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក បានបើកការវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង ខណៈអ៊ីរ៉ង់បានសងសឹកវិញ ដោយបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូន។

អ៊ីរ៉ង់ និងអ៊ីស្រាអែលបានធ្លាក់ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃទី១៣ ខែមិថុនា ដោយប្រទេសទាំងពីរបានបាញ់មីស៊ីល និងបញ្ជាយន្តហោះដ្រូនវាយប្រហារគ្នាទៅវិញទៅមក ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសទាំងសងខាងរាប់រយនាក់។ យ៉ាងណាមិញ ប្រទេសទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ក្រោមការសម្របសម្រួលពីអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនា៕

ប្រភព ៖ usnews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner