ពលរដ្ឋអូស្រ្តាលីចូលបម្រើកងទ័ពច្រើនបំផុតមិនធ្លាប់មានក្នុងពេល ១៥ឆ្នាំ

កង់បេរ៉ា ៖ ប្រជាជនអូស្ត្រាលីនាំគ្នាសម្រុកចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរហូតឈានដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ឆ្នាំ ហើយកម្មវិធី TikTok និងហ្គេមអនឡាញ គឺជាមធ្យោបាយជួយជំរុញ។

លោករដ្ឋមន្ត្រីកិច្ចការយុទ្ធជន និងកងទ័ពអូស្ត្រាលី Matt Keogh បានប្រាប់ទូរទស្សន៍ ABC ថា ការផ្សព្វផ្សាយតាមគោលដៅនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និងក្នុងហ្គេមអនឡាញ បានជួយកងកម្លាំងការពារអូស្ត្រាលី (ADF) សម្រេចបាននូវតួលេខជ្រើសរើសបុគ្គលិកខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។

រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃទី៤ ខែសីហា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំង ADF បានចុះឈ្មោះបុគ្គលិកពេញម៉ោងជាង ៧.០០០នាក់ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២០២៥ ដែលបានបញ្ចប់ក្នុងខែមិថុនា។

នេះជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៩-២០១០ ស្របពេលដែលការដាក់ពាក្យសុំចូលបម្រើកងទ័ពបានកើនឡើងដល់ជាង ៧៥.០០០នាក់ ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងពេល៥ឆ្នាំ និងកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកចុះឈ្មោះថ្មីមានអាយុជាមធ្យមគឺ២៣ឆ្នាំ។ ក្រុមមន្ត្រីនិយាយថា រដ្ឋាភិបាលអូស្ត្រាលីនៅតែដើរលើផ្លូវឈានទៅជ្រើសរើសបុគ្គលិកអចិន្ត្រៃយ៍ចំនួន ៦៩.០០០នាក់នៅដើមទសវត្សរ៍ឆ្នាំ២០៣០។

លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles និយាយថា វាចាំបាច់ណាស់ ដែលអូស្ត្រាលីមានកងកម្លាំងការពារដែលខ្លួនត្រូវការ ដើម្បីជួយការពារផលប្រយោជន៍ជាយុទ្ធសាស្រ្ត ហើយនោះជាមូលហេតុដែលយើងបានធ្វើការវិនិយោគដ៏ធំគាំទ្រដល់កងកម្លាំងការពារបច្ចុប្បន្នរបស់យើង និងបង្កើនវាសម្រាប់ពេលអនាគត៕

ប្រភព ៖ DPA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner