UN ថា កុមារតូចៗ ២៣ម៉ឺននាក់នៅហ្គាហ្សា ប្រឈមស្លាប់ ព្រោះអត់អាហារ
បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមានថា កុមារតូចៗ អាយុ ក្រោម៥ឆ្នាំ នៅតំបន់ហ្គាហ្សា ចំនួន២៣ម៉ឺននាក់ កំពុងប្រឈមនឹងការស្លាប់បាត់បង់ជីវិត ព្រោះតែ គ្មានអាហារ ទទួលទាន។
កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បាននិយាយថា កុមារទាំងនេះ ត្រូវបានរងផលប៉ះពាល់ ដោយសារតែ ការដួលរលំ នៃ សេវាអាហារូបត្ថម្ភ និងកំពុងខ្វះលទ្ធភាព ទទួលបានទឹកស្អាត ដែលមានសុវត្ថិភាព, កង្វះទឹកដោះម្តាយ ព្រមទាំង ការចិញ្ចឹមបីបាច់ និង ព្យាបាល មិនបានដិតដល់។
UN បានបញ្ចេញ របាយការណ៍នេះ ចំពេលមានការកើនឡើង នៃការស្លាប់ ទាក់ទងនឹងការអត់ឃ្លាន ខណៈដែលអ៊ីស្រាអែល បន្តរារាំងជំនួយ មិនឱ្យចូលទៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
គ្រូពេទ្យកុមារ ឈ្មោះ Seema Jilani បានប្រាប់ Al Jazeera ថា កង្វះអាហារូបត្ថម្ភ “ប៉ះពាល់ដល់រាងកាយទាំងមូល របស់ពួកគេ” ដែលធ្វើឱ្យកុមារ ប៉ះទង្គិចផ្លូវចិត្ត ដ៏ស្រួចស្រាវ។
មន្ទីរពេទ្យ នៅហ្គាហ្សា កាលពីថ្ងៃច័ន្ទ ទី៤ ខែសីហា បានកត់ត្រា ពីការស្លាប់មនុស្ស ចំនួន៦នាក់ រួមទាំង កុមារម្នាក់ ផងដែរ ដោយសារទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា។
ចំនួនមនុស្សស្លាប់ ដោយសារមូលហេតុ ដែលទាក់ទងនឹងការអត់ឃ្លាន ចាប់តាំងពីសង្គ្រាម ចាប់ផ្តើមមក មានចំនួន ១៨១ នាក់ ក្នុងនោះ មានកុមារ ៩៤នាក់។ ក្រសួង ក៏បានបន្លឺសំឡេងរោទិ៍លើ “ការកើនឡើងយ៉ាងធ្ងន់ធ្ងរ” នៅក្នុងករណី កុមារ ខ្វិន ដោយសារតែ ការឆ្លងមេរោគ និង កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ផងដែរ៕
ប្រភពពី Al Jazeera ប្រែសម្រួល ៖ សារ៉ាត