មន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើដល់អ្នកទទួល និងចែករំលែកព័ត៌មាន រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
(កំពង់ចាម)៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើដល់អ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម គ្រប់ប្រភេទ សូមចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ពីព្រោះថា បើប្រជាពលរដ្ឋយើង ចែករំលែកព័ត៌មានពិត ព័ត៌មានល្អ មានគុណភាព ទៅឲ្យសមាជិកដទៃ នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន នោះសង្គមគ្រួសារ និងសង្គមជាតិទាំងមូល នឹងទទួលបានព័ត៌មានពិត ។
ស្នើឡើងបែបនេះ នាឱកាសក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ចាម ដឹកនាំដោយ លោក ចិន សារ៉ាត អនុប្រធានមន្ទីរព័ត៌មាន ចុះធ្វើយុទ្ធនាការផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលបានរៀបចំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នេះ ។ យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុកចំការលើ មេឃុំ និងកងម្លាំងសមត្ថកិច្ច ព្រមទាំង តំណាងគណអាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ប្រមាណជិត ២០០នាក់ ។
លោក ចិន សារ៉ាត អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានបញ្ជាក់ថា ស្រុកព្រៃឈរ ជាស្រុកទី៦ ហើយ ដែលក្រុមការងារចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណង ដើម្បី ផ្ដល់នូវសុវត្ថិភាព និងសិទ្ធិទទួលបានព័ត៌មានពិត សម្រាប់ប្រជាពលរដ្ឋទូទៅ ។
លោកបន្តថា ព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម ។ ដូច្នេះ អ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ ត្រូវមានតួនាទី ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ប្រសិនបើ ប្រជាពលរដ្ឋយើង ចែករំលែកព័ត៌មានពិត ព័ត៌មានល្អ មានគុណភាព ទៅឲ្យក្រុមគ្រួសារ និងសហគមន៍ នោះសង្គមគ្រួសារ និងសង្គមជាតិយើង នឹងទទួលបានព័ត៌មានពិត ហើយបានចូលរួមចំណែក ទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ គ្រប់រូបភាព ផងដែរ ពីព្រោះថា រាល់ព័ត៌មាន ដែលអ្នកឃើញ នៅក្នុងបណ្ដាញសង្គម ក៏ដូចជា សារព័ត៌មានមួយចំនួន មិនមែនសុទ្ធសឹងតែជាព័ត៌មានពិតទាំងអស់នោះទេ ។ យើងទាំងអស់គ្នា ត្រូវនិយាយថា ទេ ចំពោះ ព័ត៌មានក្លែងក្លាយ ៕






ដោយ ៖ លី ពៅ