រថយន្តធុនធំពីរគ្រឿងបុកគ្នានៅចំណុចស្តុបបែកជាបួនបណ្តាលឲ្យរេចង្កូតទៅបុកបង្គោលភ្លើងបាក់ពីរដើម របងផ្ទះប្រជាពលរដ្ឋរទេះលក់សាច់អាំង និងស្លាកគណបក្សប្រជាជនកម្ពុជាមួយផ្ទាំង
ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿងបុកជាមួយរថយន្តហុីយ៉ាន់ដាយ សណ្តោងដឹកដែកធុនធំមួយគ្រឿងទៀតត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គូលភ្លើងបាក់អស់ពីរដើមរាបដល់ដី ចំណែករថយន្តហុីយ៉ាន់ដាយដឹងដែករេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋអស់មួយផ្ទាំងធំ និងរទេះលក់សាច់អាំងជាច្រើនរទេះ និងស្លាកគណបក្សប្រជាជនកម្ពុជាមួយផ្ទាំងបណ្តាលឲ្យទ្រេតតែមិនបង្កឲ្យមានអ្នករងរបួសទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយកែង និងផ្លូវសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសម្នាក់បើករថយន្តហុីយ៉ាន់ដឹកទំនិញមួយគ្រឿងក្បាលពណ៌សបិតស្លាកលោហ្គោលកងដឹកជញ្ជូន(ឆ-ន) ពាក់ស្លាកលេខតាកែវ3A-2592ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយសណ្តោយធុនធំដឹកដែកក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3E-2399បើកបរដោយយុវជនម្នាក់រួមដំណើរ និងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចឆ្លងមកផ្លូវសម្តេចជាសុីម ចំកាប៊ីនរថយន្តហុីយ៉ាន់ដាយដឹកដែកចំផ្នែកខាងស្តាំ ក៏រេចង្កូតទៅបុកទំលុះរបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងធំ និងរទេះលក់សាច់អាំងនៅខាងក្នុង ខូចខាតអស់ជាច្រើនរទេះ និងស្លាកគណបក្សប្រជាជនកម្ពុជា នៅអែប និងចិញ្ចើមផ្លូវបណ្តាលឲ្យទ្រេតមួយផ្ទាំងថែមទៀតចំណែករថយន្តហុីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវបាក់មួយដើម និងបង្គូលភ្លើងថ្មធំមួយដើមទៀតបាក់រាប់ដល់ដី តែក្នុងការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ភ្លាមៗនោះសមត្ថកិច្ចប្រចាំការនៅគោលដៅប៉ុស្តិ៍២៤ម៉ោងបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តហ៊ីយ៉ាន់ដាយដឹកដែក និងអ្នករួមដំណើរបានភ្លាមៗចំណែកតៃកុងរថយន្តហុីយ៉ាន់ដាយដឹកទំនិញបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ