អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ចុងខែនេះ

បរទេស ៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានអះអាងថា នឹងមានការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយភាគីអាមេរិក នៅចុងខែសីហា នេះ។

សមយុទ្ធ Ulchi Freedom Shield 2025 ដែលជាលំហាក់ហ្វឹកហ្វឺនយោធារួមគ្នា រវាងសាធារណរដ្ឋកូរ៉េ និង សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី១៨ ខែសីហា ហើយ សមយុទ្ធនេះ មានរយៈពេល១១ថ្ងៃ ដោយនឹងបញ្ចប់ នៅថ្ងៃទី២៨ ខែសីហា នេះបើតាមមន្ត្រី តំណាងប្រទេសទាំងពីរ បញ្ជាក់ឲ្យដឹង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ។

សេចក្តីថ្លែងការណ៍ បង្ហាញដែរថា សមយុទ្ធនេះ នឹងគាំទ្រដល់ការសម្របសម្រួលអន្តរការី នៅក្នុងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីពង្រឹងការគ្រប់គ្រងវិបត្តិ កម្រិតជាតិ ការឆ្លើយតបសុវត្ថិភាពស៊ីវិល និង សមត្ថភាពការពារ តាមអ៊ីនធឺណិត ព្រមទាំង ត្រៀមខ្លួនក្នុងសម័យសង្រ្គាម និង ការការពារជាតិ។

សមយុទ្ធនៅឆ្នាំនេះ ធ្វើឡើង ចំពេលដែលប្រទេសកូរ៉េខាងជើង បានបរិហារ សមយុទ្ធកូរ៉េខាងត្បូង-អាមេរិក រួមគ្នានេះ ហើយបានចោទប្រកាន់ កូរ៉េខាងត្បូង ថា “ប្រកាន់ខ្ជាប់ ដោយងងឹតងងុល” ចំពោះសម្ព័ន្ធភាពរបស់ខ្លួន ​ចំពេលមានការជំរុញរបស់ទីក្រុងសេអ៊ូល ដែលចង់ឲ្យមានការបន្ធូរបន្ថយភាពតានតឹង ជាមួយទីក្រុង ព្យុងយ៉ាង ក្រោមការដឹកនាំ របស់ រដ្ឋាភិបាលថ្មី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner