អនុប្រធានទី១ ព្រឹទ្ធសភា ៖ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់

(ព្រះវិហារ)៖ អនុប្រធានទី១ ព្រឹទ្ធសភា បានចាត់ទុកការលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់ ដែលស្តែងចេញតាមរយៈការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់បងប្អូន ដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ ។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនជនភៀសសឹកមកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន ៣៧៤ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ តែងតែគិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តព្រះវិហារនេះ ។

ឯកឧត្តម បញ្ជាក់ថា ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ដែលស្តែងចេញ តាមរយៈការសម្តែងនូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់បងប្អូន ដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ។

តាងនាមឱ្យគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ឯកឧត្តម អនុប្រធានទី១ មានមោទនភាពជាតិខ្ពស់ ចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនខ្មែរទាំងក្នុង និង ក្រៅប្រទេស ដែលបានសម្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីឯកភាពជាតិ គាំទ្រចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនយើង ក្នុងការវាយបំបាក់អំពើឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពដែនដីកម្ពុជា ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនយើងទាំងអស់គ្នា ទាំងសមរភូមិមុខ និងសមរភូមិក្រោយ បន្តរួមគ្នាធ្វើពលីកម្ម រែកពុនប្រឹងប្រែង តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីប្រែក្លាយទុក្ខលំបាកអស់ទាំងនេះ ជាកម្លាំងសាមគ្គី ឯកភាពជាតិដ៏រឹងមាំ ពួតដៃជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខការពារប្រទេសជាតិមាតុភូមិ ។

តាមរយៈបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ ឯកឧត្តម អនុប្រធានទី១ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះវីរយុទ្ធជន ដែលត្រូវជាសាច់ញាតិក្រុមគ្រួសារដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអង់អាចក្លាហានមោះមុត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner