ក្រសួងការងារលើកទឹកចិត្តដល់និស្សិតជ័យលាភីទៅសិក្សានៅអៀរឡង់ត្រូវខិតខំឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល​ក្នុងយុគសម័យឌីជីថល

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ (The Ireland Fellowship Programme) សម្រាប់ឆ្នាំ២០២៥-២០២៦ ចូលជួបសំណះសំណាល និងសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ អំពីបេសកកម្មរបស់ក្រសួង តាមរយៈសកម្មភាពចម្បងរបស់ក្រសួងក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងបេឡាជាតិសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវីជ្ជាជីវៈ ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវក៏បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីឱ្យយកចិត្តទុកដាក់លើការសិក្សា ឆ្លៀតពេលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ស្វែងយល់បន្ថែមពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះផងដែរ លោកជំទាវលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បន្តលើកស្ទួយមុខមាត់កម្ពុជាយើងឱ្យបានកាន់តែល្អលើឆាកអន្តរជាតិតាមនូវអ្វីដែលអាចធ្វើបាន ។

លោកជំទាវបានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវនាំយកនូវចំណេះជំនាញ និងបទពិសោធ ដែលទទួលបានពីការសិក្សានៅទីនោះត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយថាមពល និងថាមវន្ត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner