ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទធ្វើបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ
(ភ្នំពេញ)៖ ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទប្រជាង ១ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ កែ សួនសុភី ស សុខា។
ពិធីនេះក៏មានការធ្វើមស្ការព្រះរតនត្រ័យ និងសមាធិ សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស ,ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ ។
ព្រះតេជគុណ ព្រីង ឆាង នៅវត្តបទុមវតីរាជវរារាម បានលើកឡើងពីកាតព្វកិច្ចរបស់ព្រះសង្ឃ ក៏ដូចជាប្រជាពុទ្ធបរិស័ទ មានកាតព្វកិច្ចសំខាន់ណាស់នៅក្នុងការចូលរួមរក្សានូវសុខសន្តិភាព ពីការឈ្លានពាននានា ។ តាមរយៈការមើលឃើញពីការលះបង់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ ក៏ខិតខំចេញធ្វើសកម្មភាពដើម្បីឱ្យមានសុខសន្តិភាពពិសេសនៅតាមវត្តអារាម នៅពេលធ្វើកិច្ចថ្វាយបង្គុំព្រឹកល្ងាចដើម្បីថ្វាយមេត្តាធម៌ដើម្បីឱ្យបានដឹងថា ប្រទេសយើងត្រូវការសុខសន្តិភាព ។
កញ្ញា ជា ចាន់អ៊ីង យុវជន ស ស យ ក ដែលបានចូលរួមពិធីបុណ្យនេះដែរ ក៏បានថ្លែងអំណរគុណដល់វីរកងទ័ព ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី និងវរយុទ្ធជនដល់កំពុងបន្តឈរជើងយ៉ាងរឹងមាំការពារនៅសមរភូមិ ។ ចាន់អ៊ីង ក៏បានសម្តែងនូវអំណរគុណ និងអរគុណដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាសង្រ្គាមមួយនេះ ប្រទេសកម្ពុជាស្រលាញ់សន្តិភាព ។
លោកយាយ រស់ សារ៉ែម បានបង្ហាញពីមោទនភាពនិងចូលរួមសោកស្តាយចំពោះកងទ័ពជួរមុខដែលបានពលីជីវិតដើម្បី ជាតិមាតុភូមិ និងសូមជូនពរដល់វីរកងទ័ពនៅជួរមុខ សូមឱ្យសុខសប្បាយសុខភាពល្អ និងសូមឱ្យកម្ពុជាឆាប់ទទួលបាននូវសុខសន្តិភាព។
ជាមួយគ្នានេះ លោកយាយ ក៏បានថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលខិតរួតរះស្វែងរកការបញ្ចប់សង្រ្គាម ឆាប់ និងជាពិសេសដល់អ្នកសម្របសម្រួលឱ្យមានបទឈប់បាញនិង ឈានរកសុខសន្តិភាពវិញ ដែលមានប្រធានធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំង នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានជាដើម ៕








អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា