១០ ឆ្នាំទៀត អាមេរិកនឹងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរលើឋានព្រះចន្ទ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកមានផែនការដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ឱ្យបានមុនចិន និងរុស្ស៊ី នេះបើតាមសារព័ត៌មាន The Independent ដកស្រង់ប្រភពចេញពីអង្គការ NASA។

ប្រធានស្តីទីអង្គការ NASA ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Sean Duffy បានចេញបញ្ជាឱ្យពន្លឿនពេលវេលាសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ហើយនឹងចង់ឱ្យវាអាចមានសមត្ថភាពផលិតថាមពលយ៉ាងហោចណាស់ ១០០គីឡូវ៉ាត់ ដែលគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ថាមពលដល់លំនៅដ្ឋានប្រហែល ៨០ខ្នង ហើយត្រៀមដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០។
ការចេញបញ្ជាយ៉ាងក្តៅគគុកនេះ កើតឡើងបន្ទាប់ពីសារព័ត៌មាន Politico បានចេញផ្សាយថា ប្រទេសចិន និងរុស្ស៊ីកំពុងចាប់ដៃគ្នា ដើម្បីបំពាក់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅលើឋានព្រះចន្ទឲ្យបានយ៉ាងហោចណាស់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ខណៈដែលមន្ត្រីអាមេរិកធ្លាប់បង្ហើបផែនការដូចគ្នានេះ កាលពីខែមីនា ឆ្នាំ២០២៤។
ការជំរុញល្បឿនទៅលើការអនុវត្តន៍ផែនការអនាគតដោយប្រធានស្តីទីអង្គការ NASA ខាងលើនេះ គឺកំពុងផ្តោតសំខាន់ទៅការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ Fission Surface Power ហៅកាត់ (FSP) ដើម្បីបញ្ជូនទៅដាក់លើផ្ទៃឋានព្រះចន្ទជាមុន និងបន្ទាប់មកទៀតទើបដល់វេនភពព្រះអង្គារ។ FSP នឹងក្លាយជារោងចក្រផលិតថាមពលអគ្គិសនី ទុកសម្រាប់បម្រើបេសកកម្មមនុស្សលើទីនោះតែម្តង។
នៅក្នុងវែបសាយផ្លូវការរបស់អង្គការ NASA បានលើកឡើងថា ប្រព័ន្ធផលិតថាមពលនុយក្លេអ៊ែរ FSP ពិតជាមានអានុភាពណាស់ និងអាចឲ្យយើងជំរុញប្រតិបត្តិការលើឋានព្រះចន្ទ និងភពព្រះអង្គារកាន់តែមានប្រសិទ្ធភាព៕
ប្រភព ៖ The Independent ប្រែសម្រួល ៖ ឈឹម ទីណា
