អ្នកទេសចរម៉ាឡេស៊ីពីរនាក់ត្រូវជនជាតិថៃដុតឱ្យរងរបួស
បាងកក ៖ ជនសង្ស័យមួយរូប ដែលគេស្គាល់ថា ជាអតីតអ្នកប្រដាល់ថៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពចាក់សារធាតុរំលាយទឹកថ្នាំលើភ្ញៀវទេសចរម៉ាឡេស៊ីពីរនាក់ រួចដុតជនរងគ្រោះទាំងមិនញញើតដៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៩ ខែសីហា។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១០យប់ថ្ងៃទី៧ ខែសីហា ប្រព្រឹត្តដោយជនដៃដល់ជាបុរសវ័យ ៣០ឆ្នាំ មានឈ្មោះថា Warakorn Pabtaisong ធ្លាប់ធ្វើជាអ្នកប្រដាល់អាជីព។ អ្នកនៅកន្លែងកើតហេតុបានចាប់ជនដៃដល់ មុនពេលប៉ូលិសទៅដល់។

ជនសង្ស័យ Warakorn ដែលទើបតែបាត់បង់ការងារជាសន្តិសុខបានសារភាពចំពោះមុខប៉ូលិសថា ភាពអត់ការងារធ្វើ និងភាពស្រេកឃ្លានបានជំរុញឲ្យគាត់ធ្វើសកម្មភាពបែបនេះ និងថា រូបគេគ្មានជម្លោះជាមួយជនរងគ្រោះពីមុនមកទេ ហើយប៉ូលិសក៏ពុំបានរកឃើញសារធាតុញៀននៅក្នុងខ្លួនជនបង្កដែរ។

ជនរងគ្រោះជាជនជាតិម៉ាឡេស៊ីទាំងពីរនាក់នេះ មានឈ្មោះថា Ong Yik Leong អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Gan Xiao Zhen អាយុ ២៧ឆ្នាំ បានរងរបួសមុខ និងខ្លួនប្រាណ ហើយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
