សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ក្រោមប្រធានបទ «ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្ម ឌីជីថល» ។

ការថ្លែងអបអរនេះ បានធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសម្តេចបានថ្លែងថា ប្រធានបទដែលបានលើកឡើង សម្រាប់ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ គឺបានផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាសសមធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមក្នុងបរិបទបរិវិត្តកម្មឌីជីថល។

យោងតាមការស្រាវជ្រាវ ជនជាតិដើមភាគតិច គឺសំដៅទៅលើកុលសម្ព័ន្ធជនជាតិតូចៗ ដែលជាជនជាតិដើមរស់នៅក្នុងព្រៃភ្នំ ជ្រលងដងអូរ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ហើយប្រើប្រាស់ភាសាខុសៗគ្នា ។
នៅកម្ពុជា ជនជាតិដើមភាគតិចដែលគេស្គាល់ថា “ខ្មែរលើ” បានរស់នៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលបាន ផ្តល់ដីមួយចំនួនដល់ពួកគេ រួមទាំងប័ណ្ណកម្មសិទ្ធិដីសមូហភាព ដូចមានចែងក្នុងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីនីតិវិធីចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។ ក្រុមជនជាតិដើមភាគតិច ត្រូវបានកំណត់អត្តសញ្ញាណតាមភាសារបស់ពួកគេ ហើយយ៉ាងហោចណាស់មានភា សាជនជាតិដើមភាគតិចចំនួន ២១ នៅក្នុងប្រទេសកម្ពុជា។

យោងតាម អង្គការជនជាតិដើមភាគតិចកម្ពុជា គេបានកំណត់ចំនួនប្រជាជនសរុបប្រមាណ ២៧ម៉ឺន ៦ពាន់ ៨៧៨នាក់ ដោយបែងចែកតាមក្រុមនីមួយៗ ។ ក្រុមជនជាតិដើមភាគតិចកួយ មានប្រជាជនភាគច្រើនជាងគេ គឺមានប្រមាណ ២០,១២% នៃប្រជាជនជនជាតិដើមភាគតិចសរុប ហើយពួកគេរស់នៅក្នុង ១៣៥ភូមិ ។ បើនិយាយជារួមវិញ ជនជាតិដើមភាគតិចត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ២២ទូទាំងប្រទេសកម្ពុជា ដោយភាគច្រើននៃពួកគេប្រមូលផ្តុំនៅតំបន់ភាគខាងជើង និងឦសាន រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវគេបញ្ជាក់ថា មានចំនួន ២២ក្រុម ដែលរួមមាន៖ ព្នង ឬពូនង, ទំពួង, កួយ, ចារាយ, គ្រឹង, ព្រៅ, ស្ទៀង, កាវ៉ែត, ក្រោល, ចាអុង, ព័រ, មិល, ល្មូន, សួយ, ខោញ, គ្លឹង, ស្អូច, កាជ្រូក, លុន, រដែ, មន, និងកាចក់ ។

ក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា មានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច ដែលបានអនុម័តក្នុងឆ្នាំ ២០០៩ ។ គោលនយោបាយនេះ មានគោលដៅដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច និងដើម្បីលើកកម្ពស់គុណភាពនៃជីវិត ដែលផ្តោតទៅលើការអភិវឌ្ឍ ១០វិស័យ រួមមាន៖ វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្មនិងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និងឧស្សាហកម្ម រ៉ែ និងថាមពល ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner