ក្រសួងបរិស្ថាននៅតែបន្តចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋយកទៅដាំ ដើម្បីឱ្យ​ស្របតាមរដូវកាល មានភ្លៀងធ្លាក់ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមយុទ្ធនាការផ្សព្វផ្សាយ និងចែកកូន ឈើក្រោម​ប្រ​ធាន​បទ «ពន្លកបៃតង» ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់សារធារណជន និង​ភាគីពាក់ព័ន្ធ រាប់ម៉ឺននាក់ ទៅទទួលយកកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស និងតាមថ្នាលបណ្តុះកូនឈើនានា របស់សហគមន៍ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតង​នៅក្នុងប្រទេសកម្ពុជា។

មន្ទីរបរិស្ថានរាជធានី ខេត្ត បានចែកជូនសាធារណៈជន ក្នុងថ្ងៃទី៩~១០ ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ៥ ៥២២ដើម ក្នុងនោះមាន
១~កូនត្នោតចំនួន ៥១៦ដើម
២~កូនឈើព្រៃចម្រុះចំនួន ៤ ៦៩០ដើម
៣~កូនឈើហូបផ្លែចំនួន ៨៦ដើម
៤~កូនឈើលម្អចំនួន ២៣០ដើម។

ជាមួយនឹងលទ្ធផលនេះ ក្រសួងបរិស្ថានបានចែកកូនឈើ់ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ សរុបចំនួន១,៥លានដើម រួចមហើយ។ ក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ យុវជនកម្ពុជា បន្រ្តីរាជការ និងបុគ្គលិក នៃគ្រឹះស្ថានសាធារណៈ និងឯកជន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធ​ទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមចែកកូនឈើ ព្រមទាំងបាន ចូលរួមដាំដើមឈើ​ឱ្យបានច្រើនជាបណ្តើរៗ ដើម្បីបង្កើនភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់​ដកដង្ហើម និងមានសុខភាពល្អ។ ការដាំស្តារព្រៃ ជួយបង្កើនគម្របបៃតងនៅកម្ពុជា និងជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។

សូមបញ្ជាក់ថា ដើម្បីឱ្យស្របតាមរដូវកាលមានភ្លៀងធ្លាក់ ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនពលរដ្ឋ ដើម្បីយកទៅដាំដោយឥតគិតថ្លៃ នៅតាមថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះ​កូនឈើនានាទូទាំងប្រទេស ក្នុងមានថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ផងដែរ។

សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន ៥៥កន្លែងនៅទូទាំងប្រទេស ដោយមាន QR Code ភ្ជាប់ជាមួយ ។ ព័ត៌មាន​បន្ថែមស្តីពីការចែកកូនឈើ សូមចូលទៅគេហទំព័រ: www.moe.gov.kh

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner