កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀង ឈប់បាញ់ ដោយមិនត្រឹមតែមាត់ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែមាត់ ប៉ុន្តែតាម រយៈសកម្មភាពជាក់ស្តែង ។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្ត បទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ សូមគូសបញ្ជាក់ជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាចម្បង ព្រមទាំងការអនុវត្តយ៉ាងពេញលេញ នូវបទឈប់បាញ់ ហើយសង្ឃឹមថា ថៃ នឹងប្រកាន់គោលជំហរដូចគ្នា ប្រកបដោយភាពស្មោះត្រង់ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងនាមក្រសួងការពារជាតិ បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសដៃគូ ដែលបានខិតខំ ប្រឹងប្រែងជួយឱ្យសម្រេចបាន នូវបទឈប់បាញ់នេះ ដោយជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដោយខ្លួនឯង ដែលទាហានថៃ បានលួចដាក់ ចេញឲ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត
