ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ នៅជិតប្រាសាទតាមាន់ ដែលត្រូវ កងទ័ពអាកាសថៃបាញ់កំទេច បានធ្វើការផ្តន្ទាទោស និងប្រាប់ឱ្យថៃសងសំណង
(ឧត្តរមានជ័យ)៖ ដោយបង្ហាញពីភាពសោកស្តាយ និងលាយឡំជាមួយកំហឹងដែលកងទ័ពអាកាសឈ្លានពានថៃ វាយប្រហារស្ថានីយប្រេងឥន្ធនៈដែលជារបស់ខ្លួនផ្តាល់កើតចេញពីការខិតខំរកស៊ីទាំងលំបាកលំបិន ហើយត្រូវបំផ្លាញដោយសារកងទ័ពថៃនោះម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅជិតប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់មានជ័យ ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ បានធ្វើការផ្តន្ទាទោស និងប្រាប់ឱ្យថៃសងសំណងវិញ។
បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា អ្នកស្រី ម៉ុង លីនដា នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ តេលា នៅជិតប្រាសាទតាមាន់បានឱ្យដឹងថានៅថ្ងៃកើតហេតុគឺថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៥ អ្នកស្រីនិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅកាន់តំបន់ផ្សេងដើម្បីគេច ចេញពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ។ថ្ងៃនោះដែរកន្លែងស្ថានីយចាក់ប្រេងរបស់គាត់ត្រូវបានកងទ័ពអាកាសប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែក ។ នៅពេលបានលឺដំណឹងអ្នកស្រី និងព្រមទាំងស្វាមីមានការតក់ស្លុតយ៉ាងខ្លាំងក្លា និងសោកស្តាយខ្លាំងណាស់។
ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថាដោយសារការវាយកំទេចនេះបានធ្វើឱ្យដំបូល និងកញ្ចក់ស្ថានីយរបស់អ្នកស្រីត្រូវបានធ្លុះធ្លាយ និងខូចខាតអស់មួយចំណែកធំ។ទោះបីយ៉ាងណាស្តុកសាំងដែលនៅពេញទីនោះមិនបង្កឱ្យឆាបឆេះទេ បើឆេះវិញគឺ នឹងខូចខាតអស់ជាក់ជាពុំខាន ។
តាមរយៈការខូចខាតដោយសារការវាយប្រហារពីសំណាក់កងទ័ពថៃនេះដែរ អ្នកស្រី លីនដាបានឱ្យដឹងថាបើវាយតម្លៃការខូចខាតនោះគឺអស់ប្រមាណ ៧០០០ ទៅ ៨០០០ដុល្លារ ហេតុនេះកងទ័ពថៃត្រូវតែសងថ្លៃខូចខាតដល់ពួកគាត់វិញ។
ស្រ្តីរូបនេះបានលើកឡើងដោយក្តីឈឺចាប់ថា ទីកន្លែងនេះជារបស់ប្រជាពលរដ្ឋ ហេតុនេះកងទ័ពថៃត្រូវតែសងសំណងដល់ក្រុមគ្រួសារគាត់វិញ ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់កងទ័ពថៃឈ្លានពានចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្កឱ្យវត្តប្រាសាទតាមាន់មានជ័យ ត្រូវខូចខាតទាំងស្រុង សាលារៀនបឋមសិក្សាតាមន្តមានជ័យ នៅក្បែរនោះក៏ទទួលរងខូចខាតធ្ងន់ធ្ងរដូចគ្នា ។ ក្រៅពីនេះផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនកន្លែងទៀតក៏ត្រូវបានវាយប្រហារដោយកងទ័ពអាកាសឈ្លានពានថៃបាញ់ប្រហារយ៉ាងឃោរឃៅ ផងដែរ ៕




ដោយ ៖ ម៉ាដេប៉ូ