ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤៣ស្ថាប័ន ស្មើ ៧៤នាក់បានចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជាចុះពិនិត្យជនភៀសសឹកនៅ វត្ត រត្តនឧត្តម មុននីគិរីសែនជ័យ ឬហៅថា វត្តភ្នំកំបោរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
គួរបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤៣ស្ថាប័ន មាន ៧៤នាក់ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត ឧត្តរមានជ័យ ដែលបានទទួលស្វាគមន៍អនុព័ន្ធយោធាបរទេសកាលពីថ្ងៃម្សិលម៉ិញ (ថ្ងៃទី ១០ ខែ សីហា)បានប្រាប់ថា បច្ចុប្បន្នជនភៀសសឹក នៅខេត្ត ឧត្តរមានជ័យ មានសរុប ២៤៧៥គ្រួសារ ឬប្រមាណ ៧២៧២ នាក់ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ប្រាប់ថាការមករស់នៅរបស់បងប្អូនប្រមូលផ្តុំគ្នាច្រើនអាចធ្វើឱ្យប៉ះពាល់បញ្ហាសុខភាព, កុមារពុំបានចូលរៀន និងក្រៅពីនេះបញ្ហាកសិកម្មរបស់ពួកគាត់ទទួលរងខូចខាតដោយសារពុំបានថែទាំដិតដល់ ។
ដោយឡែក ឯកឧត្តម ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ ដែលបានទទួលជួបអង្គការសង្គមស៊ីវិលនារសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ៖ ជនភៀសសឹកដែលមកស្នាក់នៅជំរុំជនភៀសសឹកនៅ វត្តភ្នំកំបោរ នេះមានចំនួន ៣ឃុំគឺ ឃុំគោកមន ឃុំអំពិល និងឃុំគោកខ្ពស់ ស្ថិតនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សរុបមានចំនួន ៤២៣១គ្រួសារ ត្រូវនឹង ១៣៦៧៤នាក់ ៕







ដោយ ៖ ម៉ាដេប៉ូ