អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ។
ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចនោះ រួមមាន៖
ទី១-ក្នុងនាមប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ព្រមទាំងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។
ទី២-កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ទី៣-ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ ៕
ដោយ ៖ វណ្ណលុក ,លឹមហួត