ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតី ​ក្នុងសិក្ខាសាលា​ពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ”

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខា​សាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ” នៅសណ្ឋាគារ Sun and Moon Riverside ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងអ្នកជំនាញ​ផ្នែកអភិបាល​កិច្ចទិន្នន័យនៃ ក.ប.ទ. សរុបប្រមាណ ៦០ រូប។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ (១) ធានាបាននូវការយល់ស្របរួមលើខ្លឹមសារនៃសេចក្តីព្រាងមុននឹងឈានទៅរកការពិភាក្សាប្រមូលធាតុចូលពីបណ្តាក្រសួងស្ថាប័នជាបន្តបន្ទាប់ (២) ពិភាក្សាស៊ីជម្រៅ​លើផែនការសកម្មភាពនីមួយៗក្នុងចំណោមមន្រ្តីជំនាញដើម្បីស្វែងយល់អំពីភាពអាចទៅរួចនិងការអនុវត្តជាក់ស្តែងនៃគោលនយោបាយនេះ និង (៣) ផ្តល់នូវធាតុចូល​សំខាន់ៗ​ពីមន្រ្តីជំនាញដើម្បីរួមចំណែករៀបចំទិសដៅនៃការអនុវត្តផែនការ​សកម្មភាពគាំទ្រគោលនយោបាយនាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើការចាត់ទុកទិន្នន័យ​ជា​ទ្រព្យសកម្មជាតិ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោ​បាយ​រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

សូមជម្រាបជូនថា ដើម្បីប្រមូលធាតុចូលសម្រាប់បំពេញបន្ថែមលើខ្លឹមសារ​សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យឱ្យកាន់តែក្បោះក្បាយ សិក្ខាសាលាបានបែងចែកជាកិច្ចពិភាក្សាចំនួន ៤ វគ្គ សម្រាប់៤ ប្រធានបទគឺ ការកសាងអភិបាលកិច្ចទិន្នន័យ, ការរៀបចំការគ្រប់គ្រងទិន្នន័យ, ការជំរុញឱ្យមាន​ការ​បើកចំហទិន្នន័យ និងការជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីទិន្នន័យ។

កិច្ចពិភាក្សានេះប្រព្រឹត្តទៅយ៉ាងរលូននិងផុសផុល ដែលមានសារៈសំខាន់ដល់ថ្នាក់​ដឹកនាំ និងអ្នកជំនាញក្នុងការស្វែងយល់ ផ្តល់យោបល់ និងកែសម្រួលសេចក្តីព្រាង​គោលនយោបាយនេះឱ្យ​កាន់តែមានអត្ថន័យ អាចអនុវត្តបាន និងមានប្រសិទ្ធភាព​តាមទិសដៅជាក់លាក់ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner