ទីផ្សារចែកចាយយន្តហោះក្រុមហ៊ុន Boeing ធ្លាក់ចុះ ២០ ភាគរយ ចាញ់គូប្រជែង Airbus

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក បានចែកចាយបក្សីស្លាបដែកដល់ដៃអតិថិជនខ្លួនមានចំនួនត្រឹមតែ ៤៨គ្រឿងប៉ុណ្ណោះនៅក្នុងខែកក្កដា តួលេខនេះថយចុះ ២០ភាគរយ បើធៀបនឹងខែមិថុនា ដែលមានចំនួនរហូតដល់ ៦០គ្រឿង ប៉ុន្តែបែរជាច្រើនជាង ៥គ្រឿង បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ក្នុងពេលប៉ុន្មានខែចុងក្រោយ ការចែកចាយយន្តហោះរបស់ក្រុមហ៊ុន Boeing បានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ បើធៀបនឹងគូប្រជែងដ៏សំខាន់របស់ខ្លួន គឺក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប។

តួយ៉ាង ក្រុមហ៊ុន Airbus បានចែកចាយ ឬក៏ប្រគល់យន្តហោះដល់ដៃអតិថិជនមានចំនួន ៦៧គ្រឿងក្នុងខែកក្កដា បើទោះបីជាយន្តហោះមួយចំនួនជាប់គាំងមិនអាចចែកចាយបាន ដោយសារខ្លួនខ្វះម៉ាស៊ីនគ្រប់គ្រាន់ក៏ដោយ។

តួលេខចែកចាយយន្តហោះរបស់ Airbus ក្នុងខែកក្កដាឆ្នាំ២០២៥ បានធ្លាក់ចុះចំនួន ១០គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ៧៧គ្រឿង ប៉ុន្តែ Airbus បានបង្កើនការចែកចាយយន្តហោះសរុបកើនឡើងដល់ ៣៧៣គ្រឿង ច្រើនជាង Boeing ដែលមានត្រឹមតែ ៣២៨គ្រឿង។

បច្ចុប្បន្នក្រុមហ៊ុន Airbus កំពុងនាំមុខក្រុមហ៊ុន Boeing ក្នុងការចែកចាយយន្តហោះពាណិជ្ជកម្ម ក្នុងនោះយន្តហោះត្រកូល A320neo មានចំនួន ២៨៦គ្រឿង បើធៀបនឹងយន្តហោះត្រកូល Boeing 737 MAX មានចំនួន ២៤៣គ្រឿង។ ក្រុមហ៊ុនផលិតបក្សីស្លាបដែកទាំងពីររ៉ាប់រងចំណែកទីផ្សារប្រហែល ៦៦ភាគរយ នៃយន្តហោះពាណិជ្ជកម្មទាំងអស់របស់ពិភពលោក៕

ប្រភព ៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner