អាល្លឺម៉ង់ចង់ឃើញជំនួប Trump-Putin-Zelensky ធ្វើនៅអឺរ៉ុប
បែរឡាំង ៖ មេដឹកនាំប្រទេសអាឡឺម៉ង់ កាលពីថ្ងៃទី១៦ ខែសីហា បានស្នើថា កិច្ចប្រជុំកំពូល រវាង លោក ត្រាំ, លោក ពូទីន និង លោក ហ្សេលែស្គី គួរតែប្រព្រឹត្តទៅ នៅលើទឹកដីអឺរ៉ុប។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍ NTV And RTL ថា « កិច្ចប្រជុំបីផ្លូវ បែបនេះ គួរតែប្រព្រឹត្តទៅ នៅកន្លែងមួយ អាចត្រូវបានរកឃើញ នៅទ្វីបអឺរ៉ុប ទើបអាចដោះស្រាយបាន»។
លោកបានបន្តថា «បន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយ លោក ពូទីន នៅរដ្ឋ អាឡាស្កា កាលពីថ្ងៃសុក្រ ខ្ញុំបានស្នើលោក ត្រាំ ថា មេដឹកនាំអ៊ឺរ៉ុប ចង់ឃើញកិច្ចប្រជុំកំពូល មួយទៀត កើតឡើង នៅពេលនេះ ជាមួយនឹងកៅអីមួយបន្ថែម សម្រាប់លោក Zelensky»។
យ៉ាងណាមិញ បញ្ហាប្រឈមមួយ សម្រាប់លោក ពូទីន ក្នុងការឈានជើងចូល ក្នុងទ្វីបអឺរ៉ុបនោះគឺថា មានដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ជុំវិញការចោទប្រកាន់ថា បានចាប់ពង្រត់កុមារអ៊ុយក្រែនយ៉ាងច្រើន ក្នុងអំឡុងពេលសង្រ្គាម។
សហរដ្ឋអាមេរិក មិនមែនជាភាគី នៃ តុលាការ ICC ទេ តែ ហុងគ្រី ដែលជាប្រទេស សហភាពអឺរ៉ុបគ្រប់គ្រងដោយ លោក នាយករដ្ឋមន្ត្រី Viktor Orban ជាមិត្តនឹងលោក Trump និងលោក Putin កំពុងស្ថិតក្នុងដំណើរការដកខ្លួន ចេញពីសន្ធិសញ្ញាបង្កើត តុលាការ ICC ។
ជុំវិញទីតាំងជាក់លាក់ មេដឹកនាំអាល្លឺម៉ង់ លោក Merz បានផ្តល់យោបល់ថា «ទីកន្លែងនៅអឺរ៉ុប សម្រាប់កិច្ចប្រជុំកំពូល ដែលអាចធ្វើទៅបាន គួរតែជាកន្លែង ដែលការពិភាក្សា អាចធ្វើឡើងនៅលើមូលដ្ឋានអចិន្ត្រៃយ៍» ប៉ុន្តែ លោក មិនបានបញ្ជាក់ពីប្រទេស ឬ ទីក្រុងណាមួយ នោះទេ។ លោកបានបន្តថា «ទាំងនោះ គឺជាបញ្ហា ដែលត្រូវលម្អិត ពួកគេត្រូវបញ្ជាក់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ឬ អាច ប៉ុន្មានសប្តាហ៍ ខាងមុខ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
