ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាដុតកម្លោចសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ ៣.៥%

ហ្សេរុយសាឡឹម ៖ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានទាញទម្លាក់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ីស្រាអែលធ្លាក់ចុះ ៣.៥ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥ បើធៀបនឹងត្រីមាសទីមួយ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា។

ស្ថានភាពវិស័យធុរកិច្ចរបស់អ៊ីស្រាអែលដាំក្បាលចុះខ្លាំងជាងគេបំផុត ដោយវាបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៦.២ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានងើបឡើងបន្តិច ៤.៤ភាគរយនៅក្នុងត្រីមាសទីមួយ។

រីឯការចំណាយលើការប្រើប្រាស់ឯកជន បានថយចុះ ៤.១ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានធ្លាក់ចុះដូចគ្នានៅក្នុងត្រីមាសទីមួយ។ ចំណែកការវិនិយោគលើទ្រព្យសកម្មថេរ មានដូចជាអគារ និងគ្រឿងបរិក្ខារផ្សេងៗ ក៏បានថយចុះយ៉ាងគំហុកផងដែរ ដល់ទៅ ១២.៣ភាគរយ។

ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែលបាននិយាយថា តួលេខធ្លាក់ចុះនេះ កើតឡើងពីផលប៉ះពាល់យ៉ាងខ្លាំងនៃសង្រ្គាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមិថុនា ដែលបានរំខានដល់សកម្មភាពសេដ្ឋកិច្ចអ៊ីស្រាអែល។

នៅក្នុងខែកក្កដា ធនាគារអ៊ីស្រាអែលបានធ្វើការព្យាករណ៍អំពីផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ នៅកម្រិត ៣.៣ភាគរយ ថយចុះជាងការព្យាករណ៍កាលពីខែមេសា ដែលមានចំនួន ៣.៥ភាគរយ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner