ថៃថា ទាហានរបស់ខ្លួនកំពុងមានបញ្ហាផ្លូវចិត្ត
បាងកក ៖ ប្រទេសថៃបានអះអាងថា ទាហាននៅជួរមុខកំពុងមានបញ្ហាផ្លូវចិត្ត ឬ ស្ត្រេស ត្រូវតែពិនិត្យសុខភាពឡើងវិញ។ ជាការលើកឡើង បន្ទាប់ពីមានហេតុការណ៍ ទាហានជួរមុខម្នាក់ បាញ់រះលើប្រជាជនខ្លួនឯង ហើយសង្ស័យបញ្ចប់ជីវិត ដោយខ្លួនឯង។
កាសែត ខៅសត់ បានចុះផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ថា កងទ័ពបានដាក់ពង្រាយក្រុមសុខភាពផ្លូវចិត្ត ដើម្បីមើលថែទាហានតាមព្រំដែន បន្ទាប់ពីមានអំពើហិង្សា ថ្មីៗនេះ។ ជាការកត់សម្គាល់ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីទាហានថៃម្នាក់ សង្ស័យស្ត្រេស ឬ មានបញ្ហាផ្លូវចិត្ត បានបាញ់រះលើជនស៊ីវិលក្នុងភូមិ របួសធ្ងន់ធ្ងរ ២នាក់ ហើយ ក្រោយមក គេបានរកឃើញសាកសពខ្មាន់កាំភ្លើង រូបនេះ សង្ស័យថា បាញ់សម្លាប់ខ្លួនឯង។
ជំនួយការ អ្នកនាំពាក្យកងទ័ពជើងគោក បានបង្ហើបថា ដោយសារការព្រួយបារម្ភអំពីសុខភាពរបស់ទាហានជួរមុខ អគ្គមេបញ្ជាការកងទ័ព បានចាត់ឱ្យនាយកដ្ឋានពេទ្យកងទ័ព និងមន្ទីរពេទ្យយោធាភូមិភាគ ដាក់ពង្រាយក្រុមអន្តរាគមន៍ លើបញ្ហាវិបត្តផ្លូវចិត្តនេះ។
យោងតាមការចុះផ្សាយ របស់កាសែត ឌឹ ណេសិន កាលពីថ្ងៃទី១៥ ខែសីហា ទាហានថៃម្នាក់ បានបាញ់អ្នកភូមិ ២នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរកឃើញថា ស្លាប់បាត់បង់ជីវិត សង្ស័យធ្វើអត្តឃាតខ្លួនឯង បណ្តាលមកពីភាពតានតឹងផ្លូវចិត្ត។ ទាហាន Ratthapoom Thepsiri នៃ កងពលតូចថ្មើរជើងលេខ ១៦២៣ បានប្រើប្រាស់កាំភ្លើង M16 បាញ់រះ ទៅលើអ្នកភូមិ នៅស្រុក Kap Choeng កាលពីម៉ោងប្រហែល ១ ទៀបភ្លឺ ថ្ងៃទី ១៥ ខែសីហា មុនពេលរត់ចូល ទៅក្នុងព្រៃក្បែរនោះ ហើយ ត្រូវបានគេប្រទះឃើញថា ស្លាប់ បន្ទាប់ពីប្រតិបត្តិការរុករក និងឡោមព័ទ្ធ អស់រយៈពេល ជិត១០ម៉ោង។
លោក Boonsin Padklang មេបញ្ជាការ ភូមិភាគ ២ បានទទួលស្គាល់ថា «នៅក្នុងស្ថានភាពសង្រ្គាម មានការតានតឹងផ្លូវចិត្ត នៅលើសមរភូមិ រួចហើយ»។ លោកបានបន្ថែមថា ការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ ពិតជាបានប៉ះពាល់ដល់សុខភាពផ្លូវចិត្ត របស់ទាហានជួរមុខ៕
ប្រភព៖ ខៅសត់, ឌឹ ណេសិន ប្រែសម្រួល ៖ សារ៉ាត