ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីអញ្ជើញ ជួបសំណេះសំណាលជាមួយពលករដែលបានត្រឡប់ពីប្រទេសថៃនិងគ្រួសារកងទ័ពជួរមុខ
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៩ ខែសីហាបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករទើបត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពនៅសមរភូមិមុខ នៅសាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុកក្រុងត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ចំពោះបងប្អូនពលករសូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរការងារខេត្តដើម្បីស្វែងរកការងារធ្វើព្រោះនៅខេត្តកំពង់ឆ្នាំងក៏មានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែងផងដែរ។ ។ ជាមួយគ្នានេះមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលដល់ពួកគាត់ ឱ្យឆាប់រកការងារបានធ្វើ។
តាមរបាយការណ៍លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រុងកំពង់ឆ្នាំងទទួលពលករ ត្រឡប់ពីប្រទេសថៃចំនួន៣៩គ្រួសារស្មើ៦៧នាក់ និងក្រុមគ្រួសារវីរកងទ័ពនៅសមរភូមិចំនួន១៩គ្រួសារមានចំនួន៥៨នាក់ ។អំណោយផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឃីតនិងថវិកា១០ម៉ឺនរៀល៕
ដោយ៖សុខ គឹមសៀន





