តួកគីប្រាប់រុស្ស៊ីថា ខ្លួនគាំទ្រការបញ្ចប់សង្គ្រាមអ៊ុយក្រែន ដើម្បីសន្តិភាពយូរអង្វែង
អង់ការ៉ា ៖ មេដឹកនាំតួកគីបានប្រាប់ភាគីរុស្ស៊ីថា ប្រទេសខ្លួនគាំទ្រយ៉ាងទំហឹង នូវរាល់កិច្ចប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដើដើម្បីបង្កើតបរិយាកាសសន្តិភាព យូរអង្វែង ។
ការអះអាងនេះកើតឡើងនៅពេលដែលលោកប្រធានាធិបតីតួកគី Tayyip Erdogan និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជជែកគ្នាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ទាក់ទិននឹងលទ្ធផលនៃកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កា រវាងលោក Putin និងមេដឹកនាំអាមេរិក លោក Donald Trump ក៏ដូចជាទំនាក់ទំនងទ្វេភាគី។
ក្នុងអំឡុងការសន្ទនានោះ លោកប្រធានាធិបតី Erdogan បានរំលេចថា តួកគីបានតាមដានយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍន៍ក្នុងដំណើរការសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយបានស្វែងរកដំណោះស្រាយដោយស្មោះត្រង់ ដើម្បីបិទបញ្ចប់ជម្លោះនេះ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមក។
ចំណែកលោកប្រធានាធិបតី Putin បានចែករំលែកការវាយតម្លៃរបស់គាត់ អំពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅរដ្ឋអាឡាស្កា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។
វិមានក្រឹមឡាំងនិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុង និងជុំវិញទាក់ទិនសង្គ្រាមអ៊ុយក្រែន ដោយលោក ពូទីន បានសម្តែងការកោតសរសើររបស់រុស្ស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តួកគី ក្នុងការសម្របសម្រួលកិច្ចពិភាក្សារវាងតំណាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។
ការសន្ទនារវាងមេដឹកនាំទាំងពីរក៏បានគ្របដណ្តប់លើបញ្ហាជាច្រើននៅលើរបៀបវារៈទ្វេភាគី រួមទាំងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ហើយលោក Erdogan និងលោក Putin ក៏បានយល់ព្រមរក្សាទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា