អ៊ីស្រាអែលចាយ ៥០០ លានដុល្លារ ទិញយន្តហោះចាក់ប្រេងលើអាកាសរបស់ Boeing

ហ្សេរុយសាឡឹម ៖ អ៊ីស្រាអែលមានផែនការបញ្ជាទិញយន្តហោះចាក់ប្រេងលើអាកាស KC-46 ដែលផលិតដោយក្រុមហ៊ុន Boeing ចំនួនពីរគ្រឿង នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៥០០លានដុល្លារ ដែលនឹងត្រូវផ្តល់ហិរញ្ញប្បទានជាមួយនឹងជំនួយយោធាពីសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិអ៊ីស្រាអែល។

ក្រសួងបន្តថា អ៊ីស្រាអែលនឹងចុះហត្ថលេខាលើកិច្ចសន្យានេះជាមួយរដ្ឋាភិបាលអាមេរិក ភ្លាមៗបន្ទាប់ពីគណៈកម្មាធិការរដ្ឋមន្ត្រីអ៊ីស្រាអែលសម្រាប់លទ្ធកម្មការពារជាតិយល់ព្រម។ ហើយជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកផ្ទាល់ជាអ្នកត្រួតពិនិត្យការលក់ និង ផ្ទេរឧបករណ៍យោធាបរទេសទៅប្រជាជាតិដទៃ។

ក្រសួងការពារជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាអ៊ីស្រាអែលបានប្រតិបត្តិការយន្តហោះចាក់ប្រេងលើអាកាស KC-46 ដែលផលិតដោយក្រុមហ៊ុន Boeing ចំនួន ៤គ្រឿងរួចមកហើយ។

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិអ៊ីស្រាអែល លោក Amir Baram បាននិយាយថា យន្តហោះចាក់ប្រេងលើអាកាសនេះនឹងពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់យោធា ដែលធ្វើឱ្យកងទ័ពអាចប្រតិបត្តិការបានឆ្ងាយជាងមុន ជាមួយនឹងកម្លាំងកាន់តែច្រើន និងវិសាលភាពកាន់តែទូលំទូលាយ។

កន្លងមក អ៊ីស្រាអែលធ្លាប់បានប្រើប្រាស់យន្តហោះចាក់ប្រេងលើអាកាសប្រភេទនេះ ក្នុងអំឡុងពេលសង្គ្រាមផ្លូវអាកាសដ៏កក្រើករយៈពេល ១២ថ្ងៃរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែមិថុនា។

យ៉ាងណា មិនទាន់មានសេចក្ដីរាយការណ៍លម្អិតអំពីមូលហេតុជាក់លាក់លើការបញ្ជាទិញឧបករណ៍យោធាដ៏សំខាន់ថ្មីនេះទេ ប៉ុន្តែវិធានការនេះកើតឡើងស្របពេលដែលយោធាអ៊ីស្រាអែល បើកយុទ្ធនាការសឹកដំណាក់កាលទីមួយរបស់ខ្លួននៅទីក្រុងហ្គាហ្សា ក្នុងគោលបំណងកាន់កាប់ទីក្រុងមួយនេះទាំងមូលតែម្តង៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner