អ៊ីរ៉ង់ធ្វើសមយុទ្ធបាញ់មីស៊ីលខ្នាតធំ

តេហេរ៉ង់ ៖ កងទ័ពជើងទឹកអ៊ីរ៉ង់បានបើកសមយុទ្ធបាញ់មីស៊ីលទ្រង់ទ្រាយធំរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ មានឈ្មោះថា «ថាមពលប្រកបដោយនិរន្តរភាព ១៤០៤» ឬ (Sustainable Power 1404) នៅឈូងសមុទ្រអូម៉ង់ និងភាគខាងជើងមហាសមុទ្រឥណ្ឌា ដើម្បីរៀបចំសាច់ដុំយោធាឡើងវិញ ក្រោយរងការខាតបង់ធ្ងន់ធ្ងរក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល។

កងទ័ពអ៊ីរ៉ង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងចម្រុះ រួមមាននាវាចម្បាំង នាវាមុជទឹក អង្គភាពផ្លូវអាកាស និងអង្គភាពសង្គ្រាមអេឡិចត្រូនិក បានចូលរួមល្បែងសង្គ្រាមខ្នាតធំមួយនេះ។

សមយុទ្ធថ្ងៃដំបូង មីស៊ីលបញ្ជាទិសជាច្រើនគ្រាប់ដែលផលិតក្នុងស្រុក ត្រូវបានបាញ់សាកល្បងចេញពីនាវាចម្បាំង និងពីឆ្នេរសមុទ្រក្នុងពេលដំណាលគ្នា ដោយបានវាយប្រហារបំផ្លាញគោលដៅដោយជោគជ័យ។ ទន្ទឹមគ្នា យន្តហោះដ្រូនអត្តឃាតប្រភេទ Bavar 5 ក៏បានបំពេញបេសកកម្មវាយប្រហារគោលដៅមួយដោយជោគជ័យផងដែរ។

អ្នកនាំពាក្យកងទ័ពជើងទឹក លោក Abbas Hassani បានបញ្ជាក់ថា សមយុទ្ធទ្រង់ទ្រាយធំនេះ គឺដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងអ៊ីរ៉ង់ និងដើម្បីបង្ហាញពីកម្លាំងរារាំងរបស់ខ្លួន ដែលពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យា និងឧបករណ៍យោធាដែលផលិតក្នុងស្រុក។

គួរកត់សម្គាល់ នេះគឺជាសមយុទ្ធយោធាខ្នាតធំលើកដំបូងរបស់អ៊ីរ៉ង់ ចាប់តាំងពីបញ្ចប់សង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែល កាលពីខែមិថុនា។ ជម្លោះនោះ បានផ្ទុះឡើងក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជំរុញឱ្យអ៊ីរ៉ង់វាយប្រហារតបតវិញប្រឆាំងអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅកាតា មុនពេលបទឈប់បាញ់មួយត្រូវបានសម្រេចនៅថ្ងៃទី២៤ ខែមិថុនា៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner