ប្រជាជនវេណេស៊ុយអេឡាសម្រុកចុះឈ្មោះធ្វើកងទ័ពជួយរដ្ឋាភិបាល
ការ៉ាកាស់ ៖ ពលរដ្ឋវេណេស៊ុយអេឡាជាច្រើននាំគ្នាឈរតម្រង់ជួរក្នុងទីក្រុងការ៉ាកាស់ ដើម្បីចុះឈ្មោះចូលបម្រើកងជីវពលជាតិ ស្របពេលរដ្ឋាភិបាលពួកគេរងសម្ពាធ និងការគំរាមកំហែងខ្លាំងឡើងពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និយាយថា លោកនឹងដាក់ពង្រាយសមាជិកកងជីវពលចំនួន ៤.៥លាននាក់ ដើម្បីឆ្លើយតបការគំរាមកំហែងរបស់អាមេរិក ក្រោយទីក្រុងវ៉ាស៊ីនតោនបានបង្កើនប្រាក់រង្វាន់ សម្រាប់ការចាប់ខ្លួនរូបលោក និងចាប់ផ្តើមប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន។
ជាមួយគ្នានេះ លោកប្រធានាធិបតី Maduro បានរិះគន់អាមេរិក ចំពោះការដាក់ពង្រាយនាវាចម្បាំងចំនួន ៣គ្រឿងនៅឯឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលយកលេសទប់ស្កាត់ការជួញដូរគ្រឿងញៀន ដោយលោកបានហៅប្រតិបត្តិការនេះថា ជាការប៉ុនប៉ងខុសច្បាប់ក្នុងការផ្លាស់ប្តូររបបដឹកនាំនៅវេណេស៊ុយអេឡា។
សូមបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបង្កើនសម្ពាធខ្លាំងឡើងលើមេដឹកនាំវេណេស៊ុយអេឡា លោក Maduro ដោយបង្កើនប្រាក់រង្វាន់ចាប់ខ្លួនទ្វេដងរហូតដល់ ៥០លានដុល្លារកាលពីដើមខែនេះ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនប្រឆាំងនឹងលោក Maduro៕
រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

