អាមេរិកបើកភ្លើងខៀវលក់មីស៊ីលបញ្ជាទិសជាង ៣.០០០គ្រាប់ឲ្យអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានយល់ព្រមលក់មីស៊ីល ERAM ដែលជាប្រភេទកាំជ្រួចបញ្ជាទិសចំនួន ៣.៣៥០គ្រាប់ទៅឱ្យអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal ហៅកាត់ (WGJ)កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់សុំមិនបញ្ចេញឈ្មោះ។
មីស៊ីលនេះ មានសមត្ថភាពវាយប្រហារក្នុងចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រ ហើយនឹងបញ្ជូនទៅដល់អ៊ុយក្រែនក្នុងរយៈពេល៦សប្តាហ៍ទៀត។ ទោះបីជាយ៉ាងណា មន្ត្រីអាមេរិកជាច្រើនបានប្រាប់កាសែត WSJ ថា មុនពេលប្រើប្រាស់មីស៊ីលនេះ តម្រូវឲ្យអ៊ុយក្រែនសុំការយល់ព្រមពីមន្ទីរបញ្ចកោណជាមុនសិន។
ការលក់មីស៊ីលនេះកើតឡើងស្របពេលដែលលោក Trump បានរិះគន់រដ្ឋបាលមុនរបស់លោក Biden ចំពោះការផ្តល់ជំនួយឥតលក្ខខណ្ឌដល់ទីក្រុងកៀវ ដោយលោកបាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ុយក្រែនគ្មានឱកាសឈ្នះសង្គ្រាមទេ លុះត្រាតែខ្លួនមានសមត្ថភាពវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
តួយ៉ាងកងទ័ពអ៊ុយក្រែនបានបាត់បង់ដីជាលំដាប់ទៅឱ្យកងកម្លាំងរុស្ស៊ី ក្នុងអំឡុងឆ្នាំ ២០២៥។ ទន្ទឹមគ្នា អ្នកគាំទ្រអឺរ៉ុបសំខាន់ៗរបស់អ៊ុយក្រែន រួមទាំងបារាំង និងអាល្លឺម៉ង់ កំពុងជំរុញកាន់តែខ្លាំងឡើងនូវការចែកចាយសព្វាវុធបន្ថែមទៀត ដែលជាផ្នែកនៃការធានាសន្តិសុខដល់អ៊ុយក្រែន បន្ទាប់ពីការបញ្ចប់ជម្លោះ។ យ៉ាងណាមិញ រុស្ស៊ីបានអះអាងហើយថា ជំនួយយោធាលោកខាងលិចជាឧបសគ្គ ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា