អ្នកនាំពាក្យក្រសួងការបរទេស ៖ ក្រុមសមាជិកអង្គទូត និងអង្គការ អន្តរជាតិ នានា មើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែន ដែលបង្កឡើងពីសំណាក់ កងទ័ពថៃ
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំដំណើរទស្សនកិច្ចការទូត ដែលមានការចូលរួមរបស់សមាជិកអង្គទូត តំណាងនៃទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ហើយនិងអង្គការក្រៅរដ្ឋាភិបាលនៅបរទេសដែលធ្វើការងារនៅលើសកម្មភាពមីន មនុស្សធម៌ សរុបមានចំនួនជាង ៦០រូបនាកន្លងមកបានធ្វើឱ្យគេមើលឃើញយ៉ាងច្បាស់ពីទុក្ខលំបាករបស់ពលរដ្ឋកម្ពុជា និងក៏ដូចជាការបង្កបញ្ហាជាបន្តបន្ទាប់ពីសំណាក់កងទ័ពថៃ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា ៖ គណៈប្រតិភូបានទស្សនកិច្ចនៅតាមតំបន់ដែលរងផលប៉ះពាល់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលនៅទីនោះហើយគេបានមើលឃើញពីលួសបន្លាដែលត្រូវបានដាក់ពង្រាយ ការដាក់របាំងរាំងផ្លូវ រួមនឹងឧបសគ្គផ្សេងៗទៀតក្រោមស្នាដៃរបស់យោធាថៃ ជាការរាំងស្កាត់ប្រជាជនកម្ពុជាមិនឱ្យវិលត្រឡប់ចូលទៅកាន់លំនៅឋានរបស់ពួកគេវិញបាន។
ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងដែរថា គណៈប្រតិភូ ក៏បានអញ្ជើញទៅពិនិត្យដល់ទីតាំងនៃការទម្លាក់គ្រាប់បែក ក្នុងខេត្តឧត្តរមានជ័យ ហើយក្នុងនោះក៏មានវត្តប្រាសាទតាមាន់សែនជ័យ ហើយនិងតំបន់ រងគ្រោះដោយគ្រាប់បែកប្រភេទ MK-84 នៅភូមិថ្មដូនផងដែរ។
មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថាឯកឧត្តម ប្រាក់ សុខុន បានអះអាងជាថ្មីម្តងទៀត អំពីការតាំងចិត្តដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការធ្វើឱ្យមានភាពធូរស្រាលចំពោះទុក្ខលំបាក របស់ បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ខណៈដែលគណៈប្រតិភូបានសម្តែងក្តីរំពឹងថា សន្តិភាពដ៏ពេញលេញ និងស្ថិរភាពនឹងត្រូវបានស្តារមកវិញនៅក្នុងពេលដ៏ខ្លីខាងមុខដើម្បីអនុញ្ញាតឱ្យពលរដ្ឋ រងគ្រោះកម្ពុជាបានវិលត្រឡប់នៅកាន់លំនៅឋានរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព ដោយគណៈប្រតិភូបានគូសបញ្ជាក់ថា ការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់នៅតែជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកសន្តិភាពដ៏ស្ថិតស្ថេរ និងដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន ។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបញ្ជាក់បន្ថែមថា គណៈប្រតិភូបានសម្តែងយ៉ាងមុតមាំថា សន្តិភាពដ៏ពេញលេញ និងស្ថិរភាពត្រូវបានស្តារមកវិញក្នុងពេលដ៏ឆាប់ខាងមុខ ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋរងគ្រោះកម្ពុជា នឹងបានវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនប្រកបដោយសុវត្តិភាព ហើយនិងភាពថ្លៃថ្នូរ ។ គណៈប្រតិភូក៏បានគូសបញ្ជាក់ថា ការអនុវត្តយ៉ាងពេញលេញ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតែជាជំហ៊ានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព ដ៏ស្ថិតស្ថេរ ហើយនិងដំណោះស្រាយដោយសន្តិវិធី នូវបញ្ហាព្រំដែន ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លីមហ៊ួត

