ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នាថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ បានធ្វើពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដល់វីរៈកងទ័ពដែលបានពលីជីវិតនៅសមរភូមិជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជាដ៏ថ្លៃថ្លា ពីការឈ្លានពានរបស់ថៃ ដែលបានប្រារព្ធធ្វើនៅវត្តបារមីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កា ដោយមានវត្តមានព្រះសង្ឃនិមន្តពីវត្តខ្មែរសាមគ្គី និងពីវត្តអង្គររតនរង្សី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ ក៏ដូចជា និស្សិត ពលករ សិក្ខាកាម យ៉ាងច្រើនកុះករ ។
ជាមួយគ្នានោះ ព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទ្ធ ក៏ដូចជាបងប្អូនអ្នកចួលរួមទាំងអស់ បានដើរដង្ហែក្បួនដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព និងបានច្រៀងរួមគ្នានូវចម្រៀងស្នេហាជាតិចំនួនបីបទដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វិរៈកងទ័ពកម្ពុជាយើង ។
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនខ្មែរទាំងអស់ ដោយបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់បំផុតចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បងប្អូនខ្មែរពីគ្រប់មជ្ឈដ្ឋាននៅខេត្តកាណាហ្កាវ៉ា ក្នុងពីធីបុណ្យដ៏មានសារៈសំខាន់មួយនេះ ដែលឆ្លុះបញ្ចាំងនូវសាមគ្គីភាពជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរនាពេលនេះ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វិរកងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។
ឯកឧត្តម ទុយ រី មានប្រសាសន៍បន្ថែមថា ការផ្តល់ជំនួយបន្ទាន់ផ្នែកមនុស្សធម៌របស់ដ្ឋាភិបាលជប៉ុន ប្រហែលចំនួន ១,៨០០,០០០ដុល្លារអាមេរិកក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់ ដែលកើតឡើងនៅតំបន់ព្រំដែន កម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះកាយវិការដ៏សប្បុរសធម៌របស់ជប៉ុន ដែលបានបង្ហាញនូវការយកចិត្តទុកដាក់របស់ជប៉ុន ក្នុងការបន្តកិច្ចសហប្រតិបត្តិការឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនផងដែរអំពីសកម្មភាពរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូប្រធាន និងតំណាងអង្គទូតបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានចំនួនសរុប ៦០នាក់ ដើម្បីចុះទៅពិនិត្យនៅតំបន់ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចប្រដាប់អាវុធរវាង កម្ពុជា និងថៃ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ក្នុងគោលបំណងឱ្យភ្ញៀវបរទេសស្វែងយល់ពីសភាពការណ៍ពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការដឹងគុណមិនអាចកាត់ថ្លៃបានចំពោះវីរៈកងទ័ពដ៏អង់អាច ក្លាហានដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សត្រូវ ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលី បានចាប់បដិសន្ធិទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់វិរកងទ័ពជួរមុខ បានសុខសុវត្ថិភាព និងឈ្នះអស់លើសត្រូវចោរថៃឈ្លានពានទឹកដីកម្ពុជា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ និង ១៤ ខែសីហា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ក្នុងការរួមសហការជាមួយក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន (ESEA-JP) នៃក្រុមការងារទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)ដឹកនាំដោយ ឯកឧត្ដម ហាំង តុលា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះវិជ្ជាជីរៈ បានចុះចែកអំណោយដែលបានមកពីការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនខ្មែរទាំងអស់នៅប្រទេសជប៉ុន ដោយបាននាំយកសម្ភារៈចាំបាច់នានា ជូនដល់វិរៈកងទ័ព នៅសឹករងខេត្តព្រះវិហារ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភាគបរិភោគ ជូនដល់ជនភៀសសឹកចំនួន ៧០០គ្រួសារ និងជូនថវិកាមួយចំនួន ជូនដល់កងទ័ពរងរបួស ដែលសម្រាកនៅមន្ទីរពេទ្យ ៕
ដោយ / គ្រី សម្បត្តិ







