កុមារីជាកីឡាការិនីបាល់ទាត់កម្ពុជា ២រូប មានសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីដើរលើវាលស្មៅនៃកីឡដ្ឋានក្លឹប Tottenham Hotspur នៅទីក្រុងឡុងដ៍
(ភ្នំពេញ)៖ កុមារី ជាកីឡាការិនីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ២រូប ដែលជ្រើសចេញពីគ្រួសារក្រីក្រ ជ្រើសរើសដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បញ្ជូនទៅចូលរួមក្នុងកម្មវិធីបើកជាផ្លូវការ ការប្រកួតបាល់ទាត់ Premier League កាន់ដៃកីឡាករបាល់ទាត់ក្លឹប Tottenham Hotspur ដើរចូលទីលានបាល់ទាត់ប្រកួតទល់និងក្លឹប Burnley នាទីក្រុងឡុងដ៍ ចង់ភពអង់គ្លេស ។ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ជាមួយចំណេះដឹងថ្មីៗពីពិភពលោក។
តាមប្រសាសន៍ឱ្យដឹងរបស់អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានគូបញ្ជាក់ថា ឱកាសធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងមិនធ្លាប់មានក្នុងឆាកជីវិតសម្រាប់កុមារីកម្ពុជា ២រូប គឺមានអត្ថន័យលើសពីការហោះហើរ និងដើរកំសាន្ត ដោយសារតែវាគឺជាបទពិសោធន៍វិសេសវិសាលបំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែលផ្តល់នូវចំណេះដឹងថ្មីៗពីពិភពលោក និងពង្រឹងទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន ដែលនេះជាអ្វីដែល ប្អូនៗមិនធ្លាប់គិតថាអាចទៅរួច ។
លោកស្រី ថា កុមារីកម្ពុជា ២រូបមកពីអង្គការផ្កាយសមុទ្រមាន សំណាងបានដើរលើវាលស្មៅនៃកីឡដ្ឋានក្លឹប Tottenham Hotspur នៅទីក្រុងឡុងដ៍ដោយមានមោទនភាពបំផុត និងជាពិសេស គឺកាន់ដៃកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកក្នុងពិធីបើកការប្រកួតផ្លូវការ Premier League តទល់នឹងក្លឹប Burnley ។ ការធ្វើដំណើរក្នុងប្រទេសអង់គ្លេសរយៈពេលប្រាំបីថ្ងៃរបស់ប្អូនៗ តាមរយៈការគាំទ្ររបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ផ្តល់ឱកាសឲ្យកុមារីទាំង២ ទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិតដោយហោះហើរតាម យន្តហោះលើកដំបូងក្នុងឆាកជីវិត និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺទៅមើលការប្រកួតបាល់ ទាត់ដោយផ្ទាល់ក្នុងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោក និង កាន់ដៃកីឡាករក្នុងក្តីស្រមៃខ្លួន ។
ដោយឡែកកុមារីជាកីឡាការិនីបាល់ទាត់អង្គការផ្កាយសមុទ្រ បានរៀបរាប់ថា ពេលដែលកំពុងតែដើរលើវាលស្មៅកីឡដ្ឋានក្លឹប Tottenham Hotspur ជាមួយនឹងវត្តមានអ្នក គាំទ្ររាប់ពាន់នាក់ស្រែកកញ្ជ្រៀវ អារម្មណ៍ភ័យ និងស្ទាក់ស្ទើររបស់ប្អូនៗបានប្រែជារំភើបរីករាយ និង មានមោទនភាពជ្រាលជ្រៅ ។
បន្ថែមពីនេះទៀត ក្នុងឆ្នាំ២០២៥នេះផងដែរ កីឡាការនី អង្គការផ្កាយសមុទ្រ ២៤នាក់ត្រូវបានជ្រើសរើសឲ្យទៅចូលរួមកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ ដោយប្អូនៗបានទទួលការបណ្តុះបណ្តាលបាល់ទាត់ជាមួយនឹងគ្រូបង្វឹក ល្បីៗរបស់ក្លឹប Tottenham Hotspur ដែលនេះជាសមិទ្ធិផលដ៏ធំក្នុងការផ្តល់ឱកាសកាន់តែច្រើនដល់ កុមារ និងយុវជនកម្ពុជា តាមរយៈវិស័យបាល់ទាត់ ៕








ដោយ ៖ ជាវ ចន្ធូ