ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានការងារជាបន្តបន្ទាប់តាមរយៈយន្តការក្រសួងការងារ

(ភ្នំពេញ)៖ ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារជាបន្តបន្ទាប់តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារទៅដល់មូលដ្ឋាន បន្ទាប់ពីពួកគាត់បានមកដល់ស្រុកកំណើត។

អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រឡប់មកពីប្រទេសថៃ។ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលទទួលបានការងារថ្មី ហើយខ្ញុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយរកការងារដល់ខ្ញុំ ក៏ដូចជាពលករខ្មែរដទៃទៀតផងដែរ»។

ពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានឱកាសការងារថ្មីភ្លាមដែរ តាមរយៈការសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិយាយថា អ្នកស្រីសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សូមវិលត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតយើងវិញ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាយើង មិនខ្វះឱកាសការងារនោះទេ»។

ចំណែកពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃដែរនោះ បានលើកឡើងថា៖«ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះការងារទេ ព្រោះរាជរដ្ឋាភិបាលយើងបានរៀបចំការងារល្អៗ មានទីកន្លែងស្នាក់នៅទៀត។ ពេលខ្ញុំមកដល់ភ្លាម គឺមានការងារថ្មីធ្វើភ្លាម ហើយថៅកែចិត្តល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ មានបាយទឹកឱ្យហូបអត់មានការពិបាកអីទេ»៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner