អាមេរិករកឃើញករណីដង្កូវស៊ីសាច់ក្នុងខ្លួនមនុស្សលើកដំបូងបំផុត
វ៉ាស៊ីនតោន ៖ ក្រសួងសុខាភិបាល និងសេវាប្រជាជន (HHS) របស់អាមេរិក នៅថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៍អំពីការរកឃើញករណីដង្កូវស៊ីសាច់នៅក្នុងខ្លួនមនុស្ស ជាលើកដំបូងបំផុតនៅសហរដ្ឋអាមេរិកក្នុងពេលជាច្រើនឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Independent នៅថ្ងៃទី២៥ ខែសីហា។
ករណីដង្កូវស៊ីសាច់ ឬ ប៉ារ៉ាស៊ីតស៊ីសាច់ស្រស់ new world screwworm ហៅកាត់ (NWS) ត្រូវគេរាយការណ៍ថា បានរកឃើញក្នុងខ្លួនអ្នកជំងឺនៅទីក្រុង Maryland កាលពីថ្ងៃទី៤ ខែសីហា បន្ទាប់ពីរូបលោកបានធ្វើដំណើរត្រឡប់មកពីប្រទេស El Salvador។
អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេរិក លោក Andrew G. Nixon បាននិយាយថា នេះគឺជាករណីឆ្លងពពួកដង្កូវស៊ីសាច់ជាលើកដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជាក់ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ CDC ដោយពាក់ព័ន្ធនឹងអ្នកជំងឺដែលវិលត្រឡប់មកពីប្រទេសដែលរងផលប៉ះពាល់ដោយសារមេរោគរាតត្បាត។
ពពួកដង្កូវស៊ីសាច់នេះ គឺជាពពួករុយប៉ារ៉ាស៊ីត ដែលដង្កូវញីពងដាក់លើរបួសរបស់សត្វណាមួយ ហើយនៅពេលពងនោះញាស់ ដង្កូវស៊ីសាច់រាប់រយក្បាលបានប្រើមាត់ដ៏មុតស្រួចរបស់វា ទម្លុះចូលទៅក្នុងសាច់សត្វ រួចនៅទីបំផុតនឹងសម្លាប់សត្វដែលវារស់នៅនោះ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។
គិតមកទល់ពេលនេះ រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក ហៅកាត់ (FDA) នៅពុំទាន់រកឃើញថ្នាំព្យាបាលពពួកដង្កូវស៊ីសាច់ ឬប៉ារ៉ាស៊ីតស៊ីសាច់ស្រស់ (NWS) នៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ។
គួរកត់សម្គាល់ ទោះបីជាត្រូវបានលុបបំបាត់ពីតំបន់អាមេរិកខាងជើងជាច្រើនទសវត្សរ៍មុនក៏ដោយ ពពួកដង្កូវស៊ីសាច់បានកើនឡើងនៅប៉ែកអាមេរិកខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាង ការរកឃើញពពួកប៉ារ៉ាស៊ីតនេះ បានកើនឡើងខ្លាំងនៅក្នុងប្រទេសប៉ាណាម៉ាក្នុងឆ្នាំ២០២៣ ជាមួយនឹងករណីឆ្លងជាបន្តបន្ទាប់ត្រូវបានរាយការណ៍នៅក្នុងប្រទេសកូស្តារីកា នីការ៉ាហ្គា ហុងឌូរ៉ាស ហ្គាតេម៉ាឡា បេលីហ្ស អែលសាល់វ៉ាឌ័រ និងម៉ិកស៊ិកក្នុងឆ្នាំ២០២៤៕
ប្រភព ៖ Independent
