អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ពលរដ្ឋត្រូវរក្សានូវស្មារតីសន្តិភាពនិយម ប្រើបញ្ញាឱ្យបានច្រើន កុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់ពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា

(ភ្នំពេញ)៖”សូមបងប្អូនរក្សាឱ្យបាននូវស្មារតីសន្តិភាពនិយម និង អហិង្សាតាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញាឱ្យបានច្រើនជាងប្រើអារម្មណ៍ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់បំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិខ្មែរពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកប្រជាពលរដ្ឋពីរាជរដ្ឋាភិបាលនិងពីកងទ័ពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់យើង”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណាបានឱ្យដឹងថា”ខ្ញុំសូមកត់សម្គាល់ដោយក្តីកោតសរសើរ និង ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះកម្លាំងមហាសាមគ្គីជាតិខ្មែរដែលកើតមាននៅគ្រប់ទិសទីដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្រោមស្មារតីសន្តិភាពនិយមដែលជាអត្តសញ្ញាណរបស់កម្ពុជា។ ទឹកចិត្តស្នេហាជាតិនិងស្មារតីសាមគ្គីគាំទ្រគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានឥទ្ធិពលអ្វីមកបំបែកបានឡើយ”។

មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា ៖ នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់ហើយដែលរហូតមកទល់ពេលនេះ កម្ពុជាយើងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អ ដែលចាត់ទុកជាប្រៀបខ្លាំងរបស់កម្ពុជានៅក្នុងសមរភូមិការទូតដែលយើងត្រូវតែថែរក្សាឱ្យបាន។ ដើម្បីបំផ្លាញពិន្ទុដ៏ល្អដែលកម្ពុជាទទួលបានពេលនេះ ការញុះញង់គ្រប់រូបភាពត្រូវបានធ្វើឡើងដើម្បីឱ្យភាគីកម្ពុជាអស់ការអត់ធ្មត់ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេសដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលបងប្អូនយើងគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា សម្រាប់បទឈប់បាញ់នេះកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់ម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។ ការអនុវត្តបទឈប់បាញ់នេះទៀតសោតធ្វើឡើងក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីអនុព័ន្ធយោធាបរទេសក្នុងក្របខណ្ឌនៃក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាបណ្តាអង្គទូតនានាប្រចាំកម្ពុជាផងដែរ។ ក្រុមអ្នកសង្កេតការណ៍ទាំងនោះ គឺជាសាក្សីនៃការគោរពបទឈប់បាញ់យ៉ាងល្អរបស់កម្ពុជា និងក៏ជាសាក្សីដែលបានកត់ត្រាទុករាល់ការរំលោភបំពាននានាដែលភាគីថៃបានប្រព្រឹត្តនៅក្នុងកំឡុងពេលនេះ។

មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដែរថា ៖ ទាំងនេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលជ្រើសរើសយកជម្រើសសន្តិភាពតាមរយៈការគោរពបទឈប់បាញ់ និងការប្រើប្រាស់យន្តការការទូតជាជាងការផ្ទុះអាវុធដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស ច្បាប់ជាតិនិងច្បាប់អន្តរជាតិ ទៅតាមនីតិវិធីដែលគេអនុវត្តនៅទូទាំងពិភពលោក៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner