រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧ គម្រោងបន្ថែមទៀតក្រោមទុនវិនិយោគ ២៥៧លានដុល្លារអាមេរិក
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៧៨០កន្លែង ។ គម្រោងទាំង ១៧ នេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និង កែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និង គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ។ ជាមួយនឹងការសម្រេចជាគោលការណ៍នេះ, ក្រុមការងារនឹងផ្តល់ការសម្រួលនីតិវិធី ការសម្របសម្រួល និង ការដោះស្រាយបញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព។

នេះបើយោងតាម លទ្ធផលនៃកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការកោតសរសើរ និង ថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសយ៉ាងសស្រាក់សស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និង ស្មារតីប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» នារយៈពេលជិត ២ឆ្នាំកន្លងមកនេះ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសភាពការណ៍សកល និង សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន រួមមាន ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និង ការបញ្ចុះអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក មកត្រឹម ១៩% ដែលជាបញ្ហាប្រឈមផង និង ជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និង ទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែសីហា ឆ្នាំ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៩១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៦ ៧០០ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦១ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៣ គម្រោង ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនទាំងអស់ មេត្តាឆាប់រួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ ។ វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ៖ ១). ការិយាល័យក្រុងព្រះសីហនុ មានអាសយដ្ឋាននៅ ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យក្រុងភ្នំពេញ មានអាសយដ្ឋាននៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕
ដោយ ៖ ង៉ាន់ ទិត្យ
