បន្លែ ផ្លែឈើ វៀតណាមនាំទៅអាមេរិក កើនឡើង ៦៧%

ហាណូយ៖ វៀតណាមបានកើបលុយ ៣១៦លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន VNexpress បានឲ្យដឹងថា ការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់នេះ បានកើតមានឡើង ដោយសារតែ ផ្លែចេក ផ្លែត្របែក ផ្លែស្រកានាគ ដូង និង ផលិតផលកែច្នៃ ពីផ្លែឈើ ទាំងបួនមុខនេះ ទទួលបានការពេញនិយម ជាពិសេស ក្នុងចំណោមអ្នកទទួលទាន នៅសហរដ្ឋអាមេរិក នេះបើយោងតាមសមាគមផ្លែឈើ និងបន្លែ វៀតណាម។

ប្រភពបានឲ្យដឹងដែរថា ការនាំចេញ បន្លែ ផ្លែឈើ ទៅកាន់ទីផ្សារ ជប៉ុន និងតៃវ៉ាន់ ក៏មានការកើនឡើង ជាង២០% ផងដែរ។ ប៉ុន្តែ អ្នកទិញធំៗ បែបប្រពៃណី ដូចជា ចិន និងថៃ បានកាត់បន្ថយ ការនាំចូល ចន្លោះ ពី ១៥ ទៅ ៤០%។

យ៉ាងណា លោក Dang Phuc Nguyen អគ្គលេខាធិការសមាគម បានមានប្រសាសន៍ថា ការនាំចេញបានស្ទុះងើបឡើងវិញ បើធៀបនឹងការធ្លាក់ចុះយ៉ាងខ្លាំង កាលពីដើមឆ្នាំនេះ។ លោកថា កត្តាជំរុញដ៏ធំបំផុត គឺ ផ្លែ ទុរេន ដែលមានចំណែកយ៉ាងធំធេង នៃការនាំចេញផ្លែឈើ និងបន្លែ សរុប របស់វៀតណាម។ ជាក់ស្តែង ការនាំចេញទុរេន ទៅកាន់ប្រទេសចិន ដែលជាទីផ្សារចម្បង
បានស្ទុះងើបឡើងវិញ ថ្មីៗនេះ ដោយសារតែ ការអនុលោមតាមស្តង់ដារ កាន់តែប្រសើរឡើង។

ជុំវិញចំណុចនេះ ក្រុមហ៊ុននាំចេញទុរេន Anh Thu Dak Lak បានចេញមកអះអាងដែរថា ការដោះស្រាយបញ្ហាគយ និង ការត្រួតពិនិត្យគុណភាព ជុំវិញសារធាតុគីមីប៉ះពាល់សុខភាព ជាដើម ក៏បានជំរុញ ឲ្យការនាំចេញទុរេន ក៏កាន់តែលឿន និងរលូន។

អ្នកជំនាញ បានព្យាករណ៍ថា ការនាំចេញផ្លែឈើ និងបន្លែ វៀតណាម នៅឆ្នាំ២០២៥នេះ នឹងលើសពីកំណត់ត្រាឆ្នាំ២០២៤ ដែលមានតម្លៃ ៧ពាន់លានដុល្លារអាមេរិក ទៅទៀត ប្រសិនបើ ជាការនាំចេញ ផ្លែទុរេន វៀតណាម នៅតែបន្ត ល្អប្រសើរ ក្រោយពេលពង្រឹងស្តង់ដារគុណភាព៕

ប្រភពពី VNepxress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner