ក្រសួងបរិស្ថាន ផាកពិន័យក្រុមហ៊ុន និងរោងចក្រចំនួន ៥២ និងខ្លះទៀតបញ្ជាឱ្យកែប្រែឈានដល់ផ្អាកដំណើរការទាំងស្រុង
(ភ្នំពេញ)៖ ក្រុមហ៊ុន និងរោងចក្រចំនួន៥២ ត្រូវបានក្រសួងបរិស្ថានផាកពិន័យ បញ្ជាឱ្យកែប្រែ និងខ្លះទៀតត្រូវបានផ្អាកដំណើរការទាំងស្រុងតែម្ដង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក្រោយរកឃើញក្រុមហ៊ុនទាំងនោះបញ្ចេញសំណល់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន…។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ សីហា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៥២ត្រូវបានក្រសួងផាកពិន័យ ហើយក្រុមហ៊ុនខ្លះដែលបំពុលខ្លាំងយើងបានឱ្យគាត់សងសំណងសំអាតទឹកអោយស្អាតវិញធ្ងន់តែម្តងអត់លើកលែងទេ ឱ្យធ្ងន់ជាទីបំផុតដើម្បីឱ្យក្រុមហ៊ុនដទៃទៀតកុំធ្វើតាម តែធ្វើតាមផាកសំណងឱ្យធ្ងន់ ។
បើតាមរដ្ឋមន្ត្រី ការសងសំណងដើម្បីយកលុយ គឺដើម្បីកុំឱ្យធ្វើទៅទៀត តែបើក្រុមហ៊ុនធ្វើទៅទៀតប្រភពទឹកស្អាតរបស់យើងមិនស្អាតទេ សុខភាពប្រជាជនគឺរងគ្រោះ ។
ឧទាហរណ បើទឹកបំពុលតែ ១លិត្រចូលទឹកស្អាត ប្រជាជនប៉ុន្មាននាក់ទៅឈឺ ព្យាបាលជំងឺអស់ប៉ុន្មាន អាហ្នឹងវាធ្ងន់ធ្ងរណាស់ ហើយបើបាត់បង់ជីវិត ជីវិតថ្លៃជាងអ្វីៗទាំងអស់ គ្មានអ្វីទិញបានទេ ហើយការផាកពិន័យអត់គ្រប់គ្រាន់ទេ ។
សូមជម្រាបថា មកទល់ពេលនេះ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញរោងចក្រ សហគ្រាស ៥២កន្លែង បានបញ្ចេញសំណល់រាវមានជាតិពុល ប៉ះពាល់ប្រភពទឹកសាធារណៈ។ រោងចក្រល្មើសទាំងនោះ ត្រូវបានក្រសួងបរិស្ថាន ចាត់វិធានការតាម «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ដូចជាពិន័យអន្តរការណ៍, ផ្អាកផលិតកម្ម និងតម្រូវឱ្យរោងចក្ររៀបចំអាងប្រព្រឹត្តកម្មសំណល់រាវតាមស្តង់ដារ មុននឹងឱ្យដំណើរការវិញជាដើម ៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា