អាមេរិកអនុម័តលក់សេវាកម្មថែទាំយន្តហោះចម្បាំង F-35 ក្នុងតម្លៃជិត ២ ពាន់លានដុល្លារដល់ប៉ូឡូញ
វ៉ាសូវី ៖ ក្រសួងការបរទេសអាមេរិកបានអនុម័តលក់កញ្ចប់សេវាកម្មមួយចំនួន ក្នុងតម្លៃសរុបប្រហែល ១.៨៥ពាន់លានដុល្លារ ក្នុងនោះរួមមានការថែទាំ ការដឹកជញ្ជូន និងការគាំទ្រសម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសប៉ូឡូញ នេះបើតាមសេចក្តីរាយការណ៍របសទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ កាលពីថ្ងៃអង្គារ។
ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ ហៅកាត់ (DSCA) ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានរាយការណ៍ថា ក្រុមហ៊ុន ជេនណឺរ៉ល អេឡិចត្រិច អ៊ែររ៉ូស្ពេស (General Electric Aerospace) នឹងទទួលខុសត្រូវចំពោះប្រតិបត្តិការនៃកិច្ចសន្យាទិញលក់កញ្ចប់សេវាកម្មគាំទ្រយន្តហោះចម្បាំងបំបាំងកាយ F-35 រវាងអាមេរិក និងប៉ូឡូញនេះ។
ទីភ្នាក់ងារ DSCA និយាយថា ការទិញលក់កញ្ចប់សេវាកម្មថែទាំយន្តហោះ F-35 នេះ នឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការពង្រឹងសន្តិសុខដល់សម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំងចលករដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប។
សូមបញ្ជាក់ថា ប្រទេសប៉ូឡូញបានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៣២គ្រឿងក្នុងឆ្នាំ២០២០។ ហើយការបញ្ជូនយន្តហោះចម្បាំងនេះលើកដំបូងទៅកាន់កងទ័ពអាកាសប៉ូឡូញ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៤។ យន្តហោះចម្បាំងបំបាំងកាយ F-35 រួមជាមួយយន្តហោះចម្បាំង F-16 ត្រូវបានគេរំពឹងថា នឹងបង្កើតជាឆ្អឹងខ្នងដ៏រឹងមាំក្នុងជួរកងទ័ពអាកាសប៉ូឡូញ ក្នុងសង្គ្រាមសម័យទំនើប៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា