មេអ៊ីស្រាអែល ថា ធ្វើអ្វីគ្រប់យ៉ាង គឺដើម្បីកុំឲ្យពួកហ្គាហ្សាគំរាមទៀត

ហ្ស៊េរុយសេឡិម ៖ មេអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ បាននិយាយ កាលពីថ្ងៃទី២៦ ខែសីហា ថា អ្វីដែលលោកធ្វើគ្រប់យ៉ាង គឺ ដើម្បីកុំឲ្យពួកនៅហ្គាហ្សា គំរាមគំហែង ដល់ប្រទេស របស់លោកទៀត។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយថា «វាបានចាប់ផ្តើម នៅហ្គាហ្សា ហើយវានឹងបញ្ចប់ នៅហ្គាហ្សា»។

លោក Netanyahu បាននិយាយថា «យើងនឹងមិនទុក ក្រុមហាម៉ាស់ មានវត្តមាន នៅទីទាំងនោះទេ យើងនឹងដោះលែងចំណាប់ខ្មាំង របស់យើងទាំងអស់ យើងនឹងធានាថា Gaza នឹងមិនបង្កការគំរាមកំហែង ដល់អ៊ីស្រាអែល ទៀតទេ»។ លោកអួតថា រដ្ឋាភិបាលរបស់លោក កំពុងរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីន។

«យើងនឹងសាងសង់ និងកាន់កាប់ផ្នែកខ្លះនៃដីរបស់យើង ជាស្រុកកំណើតរបស់យើង ហើយយើងកំពុងធ្វើវា»។

បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ដោយស្វែងរកការជំរុញរដ្ឋាភិបាល ឱ្យបញ្ចប់សង្គ្រាម នៅហ្គាហ្សា និងធ្វើកិច្ចព្រមព្រៀង ដើម្បីប្រគល់ចំណាប់ខ្មាំងមកវិញ ខណៈដែលគណៈរដ្ឋមន្ត្រីសន្តិសុខ បានកោះប្រជុំ។

ការវាយលុកសងសឹក របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៦២.៨១៩នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមតួលេខ ពីក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា ដែលអង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner