អាជ្ញាធរមីន ច្រានចោល ជាដាច់ខាត ចំពោះការចោទប្រកាន់ពីសំណាក់កងទ័ពថៃ ដែលថា កម្ពុជាបានដាក់មីនថ្មីនៅក្បែរប្រាសាទតាក្របី
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ បានច្រានចោល ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរ ប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់ពីសំណាក់យោធាថៃ។
ទាក់ទិនក្នុងរឿងនេះអាជ្ញាធរមីនបានបញ្ជាក់ឱ្យដឹងថា៖ ក្នុងឧប្បត្តិហេតុខាងលើ ទាហានថៃ ម្នាក់បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន រងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថៃបានចោទប្រកាន់ថា កម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មី ធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្តង់ដារ ។
ជាមួយគ្នានេះអាជ្ញាធរមីនបានសម្តែងនូវការសោកស្តាយចំពោះទាហានថៃដែលរងគ្រោះដោយសារមីន និងសូម ជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មិនថ្មី ដោយការចោទប្រកាន់នេះមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជា មិនបានប្រើប្រាស់ ផលិត ឬដាក់មីនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។
អាជ្ញាធរមីនកម្ពុជា ក៏បានលើកឡើងដោយបញ្ជាក់ដែរថា៖តំបន់ដែលឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្តោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជា តំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាម ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមិនធ្វើពីផ្លាស្ទិកផងដែរ ដែលមីនប្រភេទនេះ មានសារធាតុលោហៈតិចតួចណាស់ ពិបាកក្នុងការរកឃើញដោយ ប្រើប្រាស់ឧបករណ៍រាវមីនស្តង់ដារ ។
ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះដែរ អាជ្ញាធរមីន បានអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហ ប្រតិបត្តិការចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្ថុតាង និងអនុញ្ញាតឱ្យមានស៊ើបអង្កេតឯករាជ្យ។ កម្ពុជា-ថៃ គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោសសម្អាតមីនចាស់ និងការពារមិនឱ្យមានការប្រើប្រាស់មីនថ្មី។ កម្ពុជា ស្វាគមន៍ចំពោះយន្តការទ្វេភាគីដែល មានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្តើមបោសសម្អាតមីនមនុស្សធម៌។
អាជ្ញាធរមីនបានបញ្ជាក់ផងថា៖ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់៕
ដោយ៖ម៉ាដេប៉ូ
