ប្រឡងបាក់ឌុបឆ្នាំនេះខេត្តព្រៃវែងមានបេក្ខជនប្រឡងមានចំនួនជិតមួយម៉ឺននាក់
ព្រៃវែង៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥នៅខេត្តព្រៃវែងបានប្រព្រឹត្តទៅតាមកាលកំណត់ដែលមានរយៈពេលពីរថ្ងៃ។ក្នុងដំណើរថ្ងៃដំបូងនៃសម័យប្រឡងបានដំណើរដោយ
រលូន។

មុនពេលចាប់ផ្តើមប្រឡង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអ៊ុម អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង ព្រមទាំងក្រុមការងារបានអញ្ជើញពិនិត្យបើកវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង។

លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឱ្យដឹងថា ការប្រឡងមានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨-២៩ ខែសីហា ។ឆ្នាំនេះខេត្តព្រៃវែងមានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ស្មើនឹង ៣៧៥ បន្ទប់ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រចំនួន ៤ មណ្ឌលស្មើ៨៧ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៣ មណ្ឌលស្មើ២៨៨ បន្ទប់ ។មានបេក្ខជនប្រឡងសរុប ៩.២០១ នាក់ ស្រី ៥.១៤៣ នាក់ ។ក្នុងនោះក្រុងព្រៃវែងចំនួន៩មណ្ឌល, ស្រុកស្វាយអន្ទរចំនួន៣មណ្ឌល, ស្រុកបាភ្នំចំនួន៣មណ្ឌល និងស្រុកពាមរក៍ចំនួន២មណ្ឌល។

លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការ គ្រោងទុកក្នុងភូមិសាស្ត្រខេត្តព្រៃវែងឯកឧត្តមអភិបាលខេត្តបានរៀបចំគណៈកម្មការការពារសុវត្ថិភាពមណ្ឌលប្រឡង ដែលមានភារកិច្ចក្នុងការដឹកនាំសម្របសម្រួល និងការពារ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ នៃដំណើរការប្រឡងតាមមណ្ឌលនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ នុត នាង

