ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានជិត ២ពាន់នាក់ និង បេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៣នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថាដំណើរការសំណេរនាថ្ងៃទី២ នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ឡើយ។
គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
បើតាមក្រសួងអប់រំបានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន១៨៥៨នាក់ (ស្រី៧៤៥នាក់) ស្មើនឹង ១,២៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៥១១នាក់ (ស្រី៥៨១នាក់) បេក្ខជនចំណេះទូទៅចំនួន ៣៤៧នាក់ (ស្រី១៦៤នាក់)។
ប្រភពពីក្រសួងអប់រំបានឱ្យដឹងដែរថាសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពចំនួន ៨៣នាក់ ,ដាក់ឱ្យប្រឡងដាច់ដោយឡែក៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ក្រសួងបានឱ្យដឹងដែរថាសម្រាប់បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន១នាក់នៅខេត្តសៀមរាប។ថ្ងៃនេះដែរ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៨នាក់ គ្រុនពោះវៀន១ និងគ្រោះថ្នាក់ចរាចរណ៍១នាក់ សម្រាប់គណៈមេប្រយោគមានបញ្ហាសុខភាព១៣នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕






ដោយ ៖ ម៉ាដេប៉ូ