ក្រសួងរៀបចំដែនដី បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងប្រវត្តិសាស្រ្ត បង្កើនសោភ័ណភាព រក្សាបាននូវសុវត្ថិភាព ប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងទំនើប
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍ ជុំវិញទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញ ដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានឈ្នះឈ្នះ រមណីយដ្ឋានវត្តភ្នំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងស្ថាប័នរដ្ឋសំខាន់ៗមាន រដ្ឋសភា និងព្រឹទ្ធសភា ជាដើម ។
កិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារនៅតំបន់សំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានអង្គរក្ស និងគណៈវិស្វករកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ធ្វើជាបទដ្ឋាន និងបទបញ្ញត្តិដាក់ជូនរាជរដ្ឋាភិបាល លើកិច្ចការរៀបចំផែនទី និងការអភិវឌ្ឍនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅបង្កើនសោភ័ណភាព រក្សាបាននូវសុវត្ថិភាព ប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងទំនើប ជារាជធានីចតុមង្គលរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋគ្រប់ទិសទី ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ឃើញថា កិច្ចការនេះទាមទារឲ្យមានការឯកភាពពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ នោះទើបការតាក់តែងបទដ្ឋាននានាបានសមស្រប និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ។ ការរៀបចំផែនទីនៅតំបន់សំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្រនៃការរៀបចំរាជធានីភ្នំពេញ ដែលយើងមានការងារជាច្រើនបាននឹងកំពុងធ្វើ ក្នុងនោះមានការដោះស្រាយបញ្ហាអគារចាស់ទ្រុឌទ្រោម ដែលក្រសួងកំពុងសម្របសម្រួលជូនប្រជាពលរដ្ឋ និងការជួយសម្របសម្រួលអត្រាការប្រាក់ជាមួយធនាគារសម្រាប់ប្រជាពលរដ្ឋជាដើម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បានបញ្ជាក់ថា ការរៀបចំរាជធានីភ្នំពេញឲ្យបានល្អ គឺត្រូវគិតគូរអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលារៀន និងវត្តអារាមឱ្យបានគ្រប់គ្រាន់ ដូចជាការកសាងសួនច្បារ បន្ទប់ទឹក កន្លែងចតរថយន្ត មានលំហសាធារណៈ និងរៀបចំផ្លូវឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ។ តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងដែលជាទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញ ដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានឈ្នះឈ្នះ រមណីយដ្ឋានវត្តភ្នំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ពហុកីឡាដ្ឋានជាតិ និងស្ថាប័នរដ្ឋសំខាន់ៗមាន រដ្ឋសភា និងព្រឹទ្ធសភា ជាដើម ក្នុងគោលដៅដើម្បីបង្កើនសោភ័ណភាព រក្សាបាននូវសុវត្ថិភាព ប្រែក្លាយជាទីក្រុងទំនើប ជារាជធានីចតុមង្គលរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋគ្រប់ទិសទី មានក្តីស្រមៃចង់មកកំសាន្តនិងមករស់នៅទីនេះ ៕
ដោយ / គ្រី សម្បត្តិ








