វៀតណាមកើបលុយជាង៣.៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ក្នុងពេល ៧ ខែ
ហាណូយ ៖ វៀតណាមបានកើបលុយចំនួន ជាង៣.៦ពាន់លានដុល្លារអាមេរិក ពីការនាំចេញកាហ្វេ ទៅក្រៅប្រទេស ក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ ដែលមានកំណើន ២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រសួងកសិកម្ម របស់ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ បានឱ្យដឹង កាលពីថ្ងៃទី២៩ ខែសីហាដែរថា គ្រាន់តែ កាលពីខែមុន ចំណូលនាំចេញកាហ្វេ របស់វៀតណាម បានឈានដល់ជាង៥៦០លានដុល្លារអាមេរិក។
ទីភ្នាក់ងារព័ត៌មាន Vietnam News បានចុះផ្សាយថា តម្លៃកើនឡើង ដោយសារតែ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យតំបន់មួយចំនួន នៅប្រេស៊ីល និងតំបន់ផ្សេងៗទៀត ផលិត កាហ្វេមិនបាន ដូច្នេះ នេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់វៀតណាម អាចចែកចាយ ទីផ្សារកាហ្វេ កាន់តែ ធំជាងមុន។
ជាមួយគ្នានេះ ការសិក្សាថ្មីរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានកត់សម្គាល់ថា ដោយសារតែបញ្ហានេះ នាំឲ្យតម្លៃកាហ្វេពិភពលោក បានកើនឡើង ប្រហែល ៤០ភាគរយ ក្នុងឆ្នាំ២០២៤។
វៀតណាម ជាប្រទេសនាំចេញកាហ្វេ Robusta ធំជាងគេលើពិភពលោក ដែលស្មើនឹង ៤០ ភាគរយ នៃចំណែកទីផ្សារពិភពលោក។ ឥឡូវនេះ រដ្ឋាភិបាលទីក្រុងហាណូយ កំពុងស្វែងរកចាប់យកឱកាស ដើម្បីពង្រីកចំណែកទីផ្សារ របស់ខ្លួន បន្ថែមទៀត។
ជុំវិញរឿងនេះ លោក Nguyễn Nam Hải ប្រធានសមាគមកាហ្វេកាកាវវៀតណាម Vicofa បាននិយាយថា ទីផ្សារកាហ្វេអន្តរជាតិ មិនដែលមានអំណោយផល ដូចពេលនេះទេ។ លោកបានមានប្រសាសន៍ថា ជាមួយនឹងតម្លៃខ្ពស់ និងតម្រូវការកើនឡើង គួបផ្សំនឹងការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពរបស់វៀតណាម ប្រទេសនេះស្ថិតក្នុងស្ថានភាពអំណោយផលល្អ។
ទោះបីជាការនាំចេញមានតម្លៃកើនឡើងក៏ដោយ រចនាសម្ព័ន្ធផលិតផល នៃការនាំចេញកាហ្វេរបស់វៀតណាម នៅតែបង្ហាញពីដែនកំណត់ គួរឲ្យកត់សម្គាល់ ក្នុងនោះ ចំណែក នៃកាហ្វេកែច្នៃ បច្ចុប្បន្ន មានត្រឹមតែ ១២ ទៅ១៥ ភាគរយនៃការនាំចេញសរុប នេះបើយោងតាមសមាគម Vicofa ដដែល៕
ប្រភពពី Vietnam News ប្រែសម្រួល ៖ សារ៉ាត