ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យលើកទឹកបេក្ខជនប្រឡងបាក់ឌុប ទោះជាប់ឬធ្លាក់ត្រូវបន្តការសិក្សា ឬរៀនជំនាញវិជ្ជាជីវៈ
បន្ទាយមានជ័យ៖ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡង៖២៨សីហា បានបញ្ចប់ដោយរលូនកាលពីល្ងាចថ្ងៃទី២៩ ខែសីហាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានជូនជាសារទៅកាន់បេក្ខជនទាំងអស់ថា ទោះជាប់ ឬធ្លាក់ត្រូវបន្តការសិក្សា ឬរៀនយកជំនាញវិជ្ជាជីវៈដើម្បីកសាងអនាគតដ៏ប្រសើរ។
ជាមួយនឹងការអបអរដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ដែលបានបញ្ចប់សំណេរប្រឡងរបស់ខ្លួនតាមការកំណត់ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យក៏បានលើកឡើងអំពីអ្វីដែលបេក្ខជននឹងជួបនៅពេលប្រកាសលទ្ធផល ។ប៉ុន្តែលោកបានលើកទឹកចិត្តថា ប្រឡងទោះជាប់ ឬមិនជាប់ក្ដី សំខាន់បេក្ខជនត្រូវបន្តការសិក្សា ឬរៀនយកជំនាញវិជ្ជាជីវៈ ណាមួយដែលជាគោលដៅជីវិតរបស់ខ្លួន នោះជារឿងសំខាន់។
ចំណែក កញ្ញា ឆៃ អេងសុជាតា បេក្ខជនបានបង្ហាញទស្សនៈរបស់ខ្លួនថា បន្ទាប់ពីប្រឡងបញ្ចប់ការសិក្សាទុតិយភូមិ កញ្ញា ត្រូវបន្តការសិក្សាថ្នាក់មហាវិទ្យាល័យឬក៏រៀននូវមុខជំនាញណាមួយយដែលយើងបានកំណត់គោលដៅច្បាស់លាស់និងលទ្ធភាពរបស់ខ្លួន។
លោក ចាន់ សុផាន់ណារ៉ា ដែលជូនកូនមកប្រឡងបាក់ឌុបបាននិយាយថា ក្នុងនាមអាណាព្យាបាលក្រោយប្រឡងរួចមិនថាប្រឡងជាប់ ឬមិនជាប់ គឺចាំបាច់ផ្ដល់ឱកាសឱ្យកូនចៅបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ឬក៏លើកទឹកចិត្តឱ្យគេសិក្សាយកជំនាញណាដែលកូនពេញចិត្ត ដើម្បីឱ្យពួកគេមានមុខរបរចិញ្ចឹមជីវិតក៏ដូចចូលរួមបំពេញការងារក្នុងសង្គមជាតិ៕
ដោយ៖គៀន ច័ន្ទហ៊ីន




