អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ដំណោះស្រាយបញ្ហាព្រំដែនគឺត្រូវឈរលើយន្កការបច្ចេកទេស និងច្បាប់
ភ្នំពេញ៖ក្នុងជម្លោះព្រំដែនតាមរយៈការឈ្លានពានទាំង គឃ្លើន ពីសំណាក់ កងទ័ពថៃ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាអះអាងថាចាំបាច់ណាស់ ប្រទេសទាំងពីរ ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលមានការព្រមព្រៀងពីភាគីទាំងពីរ មិនអាចមានភាគីណាមួយទៅកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្ដោតខ្លាំងទៅលើសកម្មភាពការទូត និងច្បាប់អន្តរជាតិ ព្រោះថានេះជាជម្រើសល្អបំផុត វាអាចការពារបូរណភាពទឹកដីផង និងការពារសុខសន្តិភាពផងដែរ។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GCB កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ RBC ដែលបានធ្វើជាបន្តបន្ទាប់កន្លងទៅនេះ និងគម្រោងដែលនឹងបន្តធ្វើនាពេលខាងមុខនេះ គឺជាគន្លឹះសំខាន់សម្រាប់ដោះស្រាយបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ និងក៏ជាឧទាហរណ៍ស្រាប់ផងដែរ។ ក្រៅពីកិច្ចប្រជុំទាំងនោះកម្ពុជាក៏បង្ហាញពីសកម្មភាពការទូត យ៉ាងមមាញឹកដែលមានដូចជា ការៀបចំដំណើរបេសកកម្មរបស់អង្គទូត ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន IOT(Interim Observer Team) ដែលមានសមាសភាពជាអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសាទៅកាន់តំបន់ព្រំដែនមានជម្លោះ និងទីតាំងដែលមានការខូចខាត ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ម៉ាឡេស៊ី ថៃ ក៏នៅតែបន្តធ្វើ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជា ក៏ត្រូវបានរៀបចំធ្វើជាច្រើនលើក ខណៈដែលជំនួបជាច្រើនទៀត ត្រូវបានធ្វើនៅឯក្រៅប្រទេសដើម្បីបង្ហាញពីការពិតដល់សហគមន៍អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណាបានថ្លែងបញ្ជាក់បន្ថែមថា៖ការតវ៉ា និង កំណត់ទូតទៅកាន់ភាគីថៃ និងភាគីពាក់ព័ន្ធក៏ត្រូវបានធ្វើជាច្រើនលើកច្រើនសា ចំណែកថ្នាក់ដឹកនាំកំពូលរបស់យើងវិញមិនថានៅក្នុងប្រទេសឬក្រៅប្រទេសទេ តែងតែធ្វើសកម្មភាពការទូតយ៉ាងសកម្មបំផុតពាក់ព័ន្ធជម្លោះព្រំដែននេះ អាចនិយាយដោយខ្លីថា គ្រប់មធ្យោបាយការទូតទាំងអស់ និងច្បាប់អន្តរជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្ម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរពីតម្លៃនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀម កុំឱ្យការផ្ទុះអាវុធ តែសកម្មខ្លាំងខាងផ្នែកការទូត។ ដូចមហាជនដឹងទាំងអស់គ្នា សូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់រយៈពេលជាង១ខែហើយ ពោលគឺចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។កិច្ចព្រមព្រៀងឈប់បាញ់នេះ កើតឡើងដោយសារតែគំនិតផ្តួចផ្ដើម និងការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ត្រាំ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពូត្រាឆាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះ ហើយនិងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖ លោក វេង លឹមហួត