ចិន នឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ ក្នុងការកសាង និងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ក៏ដូចជា ការពារអធិបតេយ្យភាពជាតិដោយម្ចាស់ការខ្លួនឯង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៣០ សីហា ២០២៥ ។

មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នាល្ងាចថ្ងៃទី៣០ សីហា ២០២៥ ។ ដោយឡែកនាព្រឹកថ្ងៃទី៣១ សីហា ២០២៥ សម្ដេចធិបតី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន និងបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នារសៀលថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥ ។

នៅក្នុងជំនួបដាច់ដោយឡែកពីគ្នានេះ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកវត្តមានរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។ ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតីក៏បានគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់ ។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាព ដែលរួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច-ពាណិជ្ជកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗផ្សេងទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង និង ពង្រឹងការការពារអធិបតេយ្យរបស់កម្ពុជា ។

ចំណែកឯជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់ ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជា ជាពិសេស ការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន ។

ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតី បានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ខណៈប្រទេសចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ ។

ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានសង្កត់ធ្ងន់ថា ចិន នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ ។

ដោយឡែកនៅក្នុងពិភាក្សាការងារជាមួយឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជា ផ្លូវ ថ្នល់ និងស្ពាន ជាដើម ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។ សម្ដេចបានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត ។

ជាការឆ្លើយតប ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។

សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ។

នៅថ្ងៃដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម ស៊ី ជីនពីន(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuanនៅសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥ ។

តាមរយៈវីដេអូលើកម្រាលព្រំក្រហមនៅក្នុងទីក្រុងធានជីន ប្រទេសចិន ក្នុងពិធីជប់លៀងស្វាគមន៍ផ្លូវការជូនបណ្ដារមេដឹកនាំធំៗលើពិភពលោក ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើដំណើរយ៉ាងស្វាហាប់ ដែលតំណាងឱ្យកម្ពុជា ស្ថិតនៅលើឆាកអន្តរជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner